ក្រសួងអប់រំ ប្រារព្ធពិធីអបអរសាទរ ទិវាគ្រូបង្រៀន ៥ តុលា ក្រោមប្រធានបទ “គ្រូបង្រៀនជាតួអង្គសំខាន់ នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត”

នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធី ទិវាគ្រូបង្រៀន ៥ តុលា ២០២៥ ក្រោមប្រធានបទ “គ្រូបង្រៀនជាតួអង្គសំខាន់ នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត” ដែលប្រារព្ធនៅវិទ្យាស្ថានជាតិអប់រំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី Esther McFarlane ប្រធានផ្នែកអប់រំ នៃអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ មន្ត្រីមកពីអង្គភាពពាក់ព័ន្ធ តំណាងមន្ទីរអប់រំរាជធានី-ខេត្តទាំង២៥ នាយក នាយិកា លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងគរុនិស្សិត។
ក្នុងឱកាសនេះ តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា បានបង្ហាញមោទនភាពក្នុងការធ្វើការងារជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន ដោយយើងបានធ្វើការងាររួមគ្នាដើម្បីពង្រឹងការកែទម្រង់គ្រូបង្រៀននៅកម្ពុជា តាមរយៈគម្រោងពង្រឹងកម្មវិធីអប់រំគ្រូបង្រៀននៅកម្ពុជា (STEPCam) ដែលទទួលបានការគាំទ្រដោយអង្គការភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) ដោយមានការប្រើប្រាស់បច្ចេកវិទ្យា និងការច្នៃប្រឌិត រហូតដល់ការធ្វើបរិវត្តកម្មប្រព័ន្ធអប់រំ។ នាពេលនេះ យើងបាននិងកំពុងកសាងមូលដ្ឋានគ្រឹះនេះ ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលបន្ថែមទៀតនៅក្នុងប្រព័ន្ធអប់រំនៅកម្ពុជា ដោយក្នុងដំណាក់កាលទី២ នៃគម្រោង STEPCam អង្គការយូណេស្កូ បាននិងកំពុងគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអភិវឌ្ឍកម្មវិធី ICT និងក្របខណ្ឌសមត្ថភាព AI សម្រាប់គ្រូបង្រៀនថ្នាក់ជាតិលើកដំបូង ដែលធ្វើឡើងស្របតាមក្របខ័ណ្ឌសកលរបស់ UNESCO សម្រាប់កម្មវិធី ICT និង AI ក៏ដូចជាការបង្កើតមជ្ឈមណ្ឌលចំណេះដឹងឯកទេស សម្រាប់បច្ចេកវិទ្យាអប់រំ និងបង្កើតវគ្គបណ្តុះបណ្តាលដើម្បីពង្រីងសមត្ថភាពគ្រូបង្រៀន និងប្រើប្រាស់ AI ប្រកបដោយប្រសិទ្ធភាព។ អង្គការ UNESCO នៅតែបន្តប្តេជ្ញាចិត្តក្នុងការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន ផ្តល់តម្លៃដល់គ្រូបង្រៀន ពង្រឹងភាពរីកចម្រើននៃវិជ្ជាជីវៈរបស់ពួកគាត់ ព្រមទាំងចាត់ទុកគ្រូបង្រៀនជាតួអង្គសំខាន់នៃបដិវត្តកម្មបញ្ញាសិប្បនិម្មិត និងជាអ្នកដឹកនាំនៃវិជ្ជាជីវៈបែបសហការ។
មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង អនុវត្តបេសកកម្មរបស់ខ្លួនដោយជោគជ័យគួរឱ្យកត់សម្គាល់ ក្នុងការបិទបញ្ចប់ដំណើរការឆ្នាំសិក្សា ២០២៤-២០២៥ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។ ជាក់ស្តែង បេក្ខជននិទ្ទេស A បានកើនឡើងរហូតដល់ ៣០២០ នាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្រអប់រំបច្ចេកទេស ដែលទើបបញ្ចប់ថ្មីៗនេះ។ ក្នុងឱកាសនេះ យើងទាំងអស់គ្នាប្រារព្ធទិវាគ្រូបង្រៀនដែលជាការរំឭកគុណគ្រូបង្រៀនគ្រប់ជំនាន់ ដែលបានខិតខំប្រឹងប្រែង តស៊ូលះបង់ក្នុងការបង្ហាត់ បង្រៀន និងការផ្ទេរចំណេះដឹងតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយដល់ក្មួយៗសិស្ស និស្សិត និងយុវជនគ្រប់ៗរូប។ តាំងពីដើមរៀងមក ការរំឭកគុណគ្រូ និងការដឹងគុណគ្រូបានក្លាយទៅជាចលនាជាតិដ៏ផុសផុលមួយ ត្រូវបានស្តែងឡើង តាមរយៈការជួបជុំសិស្ស ឬអតីតសិស្សជាមួយគ្រូបង្រៀន ឬគ្រូបង្រៀនចូលនិវត្តន៍ ដើម្បីប្រារព្ធទិវារំឭកគុណគ្រូនៅតាមសាលារៀន ក៏ដូចជាការបង្កើតឱកាសនានា ដើម្បីសួរសុខទុក្ខ និងជួបជុំជាមួយគ្រូបង្រៀនតាមគ្រប់រូបភាព។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានគាំទ្រ និងសម្រេចដំឡើងប្រាក់បៀវត្ស និងលើកកម្ពស់ជីវភាពគ្រូបង្រៀន និងថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តអនុវត្ត និងពង្រឹងគោលនយោបាយនេះយ៉ាងម៉ឺងម៉ាត់ក្នុងការគាំទ្រវិស័យអប់រំ តាមរយៈការដាក់ចេញនូវកម្មវិធីអាទិភាព និងការវិនិយោគលើមូលធនមនុស្ស ដើម្បីធានាថាគ្រូបង្រៀននៅតែជាតួអង្គសំខាន់ ក្នុងការធ្វើបរិវត្តកម្មឌីជីថល និង AI សម្រាប់អនាគតកម្ពុជា។

នៅក្នុងឆ្នាំ២០២៥នេះ ការប្រារព្ធទិវាគ្រូបង្រៀន នៅថ្នាក់ជាតិបាន និងកំពុងប្រព្រឹត្តទៅក្រោមប្រធានបទ “គ្រូបង្រៀនជាតួអង្គសំខាន់នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត” ដើម្បីបង្ហាញអំពីទិសដៅគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការកសាងមូលដ្ឋានគ្រឹះរបស់គ្រូបង្រៀន ឆ្លើយតបទៅនឹងបរិវត្តកម្មវិស័យអប់រំនៅកម្ពុជា ផ្តោតលើការប្រើប្រាស់ និងការចេះទាញយកអត្ថប្រយោជន៍ជាអតិបរិមានៃការរីកចម្រើនបច្ចេកវិទ្យាអប់រំ (EdTech) និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការលើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍបំណិនឌីជីថលដល់គ្រូបង្រៀននៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលក្នុងតំបន់ និងពិភពលោក ដែលនឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានយ៉ាងច្រើនដល់វិស័យអប់រំនៅកម្ពុជា។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទោះបីជា AI មានការរីកចម្រើនយ៉ាងណាក៏ដោយ ក៏បច្ចេកវិទ្យានេះ នៅតែជាឧបករណ៍ជំនួយ និងមិនទាន់អាចមកជំនួសតួនាទីស្នូលរបស់គ្រូបង្រៀនបាននៅឡើយទេ។ ការផ្ទេរចំណេះដឹងអាចធ្វើឡើងតាមបច្ចេកវិទ្យា ប៉ុន្តែការអប់រំតាមរយៈបេះដូង ការបណ្តុះបណ្តាលគុណធម៌ សីលធម៌ ទំនាក់ទំនងផ្ទាល់ និងការជំរុញទឹកចិត្តដល់សិស្ស គឺជាកិច្ចការដែលទាមទារនូវភាពជាមនុស្ស និងភាពឆ្លាតវៃផ្នែកអារម្មណ៍ ដែលជាតម្លៃមិនអាចកាត់ថ្លៃបាននៃវិជ្ជាជីវៈគ្រូបង្រៀន។ ដូចនេះ គ្រូបង្រៀនត្រូវតែជាអ្នកត្រួសត្រាយផ្លូវ និងជាអ្នកបំផុសគំនិតឱ្យសិស្សបានស្គាល់ និងប្រើប្រាស់ AI ប្រកបដោយប្រសិទ្ធភាព។
ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំសាលារៀនគំរូ និងគ្រប់សាលារៀន ឱ្យចាប់ផ្តើមបញ្ចូលបញ្ញាសិប្បនិម្មិតទៅក្នុងកម្មវិធីសិក្សារបស់សាលាឱ្យបានផុសផុលដោយ ជំរុញឱ្យប្រើប្រាស់ឧបករណ៍ AI ជាជំនួយក្នុងការរៀបចំផែនការបង្រៀន និងវាយតម្លៃសិស្ស ក៏ដូចជាបង្កើតលំហាត់ដែលតម្រូវឲ្យសិស្សានុសិស្សយល់ដឹងពីគោលការណ៍គ្រឹះនៃ AI និងរបៀបប្រើប្រាស់បច្ចេកវិទ្យានេះប្រកបដោយក្រមសីលធម៌។ គោលដៅសំខាន់គឺបណ្តុះបណ្តាលសិស្សានុសិស្សឱ្យក្លាយជាពលរដ្ឋឌីជីថលដែលមានសមត្ថភាព និងអាចទាញយកសក្តានុពលនៃ AI មកបម្រើការងារ និងការសិក្សា ដើម្បីត្រៀមខ្លួនសម្រាប់ទីផ្សារការងារនាពេលអនាគត។
ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ លោកគ្រូ អ្នកគ្រូទាំងអស់នៅទូទាំងប្រទេសកម្ពុជា ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បង្ហាត់បង្រៀនសិស្សឱ្យទទួលបានចំណេះដឹង ជំនាញ សីលធម៌ ចរិយាធម៌ និងកាយសម្បទារឹងមាំ ដើម្បីក្លាយជាពលរដ្ឋល្អ ជាសសរទ្រូងដ៏រឹងមាំក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យសម្បូររុងរឿង៕

You might also like