នាយប៉ុស្ដិ៍ឃុំពោធិអង្គ្រង ដែលរាលកៃកាំភ្លើងត្រូវយុវជនម្នាក់ស្លាប់ ត្រូវបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ត

(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានបញ្ជូនជនសង្ស័យឈ្មោះ ទ្រី បូរិន ភេទប្រុស អាយុ ៣៨ឆ្នាំ តួនាទីជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍អង្គ្រង ទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានធ្ចើបច្ចុប្បន្នភាព ករណីផ្ទុះអាវុធបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២២៖០០នាទី នៅចំណុចផ្លូវបេតុង ក្នុងភូមិក្រញូង ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បង្កឡើងដោយជនសង្ស័យឈ្មោះ ទ្រី បូរិន ភេទប្រុស អាយុ ៣៨ឆ្នាំ តួនាទីជានាយប៉ុស្តិ៍នគរបាលរដ្ឋ បាលពោធិ៍អង្គ្រង នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ។
ក្រោយកើតហេតុ ជនសង្ស័យបានប្រគល់ខ្លួនជូនជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីទទួលខុសត្រូវចំពោះសកម្មភាពកើតឡើងក្នុងពេលបំពេញភារកិច្ច ក្នុងនោះផ្នែកព្រហ្មទណ្ឌបានចាប់ យកអាវុធ AK47 ស្វាយបត់ មួយដើម លេខ៤០៣៤ បង់ ១ គ្រាប់ចំនួន ១៩ ដែលជាវត្ថុតាងបណ្តាលឱ្យស្លាប់យុវជនឈ្មោះ ផាន ផាយុ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិព្រៃស្រួល ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង អាវុធ AK47 មកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមផ្លូវច្បាប់។ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជូនជនសង្ស័យទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

You might also like