ម៉ូតូបុកពីក្រោយរថយន្ត នៅស្រុកល្វាឯម បណ្ដាលឲ្យរបួសបុរសម្នាក់

បុរសម្នាក់បានរងរបួសស្រាល នៅក្នុងហេតុការណ៍ដែលម៉ូតូរបស់ខ្លួនបុកពីក្រោយរថយន្តមួយគ្រឿងដែលចតឈប់ទិញអីវ៉ាន់នៅក្បែរផ្លូវ។ ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវលេខ៧០B ក្នុងភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជុំ បញ្ញា (ប្រុស, ៣៤ឆ្នាំ) រស់នៅភូមិថ្មគរ ឃុំថ្មគរ ស្រុកល្វាឯម ដែលបានបើកបរម៉ូតូម៉ាក PCX ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1IE-5181។ ចំណែកអ្នកបើកបររថយន្តមានឈ្មោះ ធា រ៉ាន់ (ប្រុស, ៣៥ឆ្នាំ) រស់នៅភូមិពោលចិនដាន់ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ម៉ូតូរបស់ជនរងគ្រោះបានបើកបរក្នុងល្បឿនលឿនពីទិសខាងជើងទៅត្បូង។ ពេលមកដល់កន្លែងកើតហេតុ ក៏បានបុកចំពីក្រោយផ្នែកខាងឆ្វេងនៃរថយន្តមួយគ្រឿងទៀត ដែលបានចតឈប់នៅក្បែរផ្លូវដើម្បីទិញអីវ៉ាន់។
តាមការសន្និដ្ឋានបឋម គ្រោះថ្នាក់នេះបណ្ដាលមកពីអ្នកបើកបរម៉ូតូធ្វេសប្រហែស បើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ រីឯអ្នកបើកបររថយន្តក៏បានឈប់ដោយមិនមានដាក់ផ្លាកសញ្ញាសម្គាល់ផងដែរ។
ក្រោយកើតហេតុ ជនរងគ្រោះដែលរបួសស្រាល ត្រូវបានសាច់ញាតិដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកល្វាឯម។ ចំពោះមធ្យោបាយពាក់ព័ន្ធ ម៉ូតូខូចខាតធ្ងន់ ១គ្រឿង និងរថយន្តខូចខាតស្រាល ១គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីបន្តនីតិវិធីច្បាប់៕

You might also like