ចំនួនអ្នកស្លាប់ ដោយសារការបាក់រលំសាលារៀននៅឥណ្ឌូនេស៊ី កើនឡើងដល់ ៦៥នាក់ ខណៈការស្វែងរកនៅតែបន្ត
ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ចំនួនអ្នកស្លាប់ដោយសារការបាក់រលំសាលារៀនមួយក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីសប្តាហ៍មុន បានកើនឡើងដល់ ៦៥ នាក់ហើយ ខណៈក្រុមអ្នកជួយសង្គ្រោះបន្តស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្រោមគំនរថ្មបាក់បែក ៧ថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយនេះ។
ជញ្ជាំង និងជាន់បេតុង បានបាក់សង្កត់ក្មេងប្រុសជំទង់រាប់រយនាក់ដែលភាគច្រើននៅសាលាបង្រៀនសាសនាអ៊ីស្លាម Al Khoziny ក្នុងខេត្តជ្វាខាងកើត (East Java) កាលពីថ្ងៃទី ៣០ ខែកញ្ញា។ ភាគច្រើនបានរួចខ្លួន។
លោក Mohammad Syafii ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា សាកសព និងផ្នែករាងកាយជាច្រើនត្រូវបានរកឃើញ ដែលធ្វើឲ្យចំនួនអ្នកស្លាប់ត្រូវបានបញ្ជាក់ឡើងដល់ ៦៥នាក់។
ខណៈគេនៅមិនទាន់ដឹងថាមានមនុស្សប៉ុន្មាននាក់នៅបាត់ខ្លួននៅឡើយ លោក Syafii បានប្រាប់អ្នកយកព័ត៌មានថា ប្រតិបត្តិការស្វែងរកនឹងបន្តរហូតដល់ក្រុមអ្នកជួយសង្គ្រោះ ប្រាកដថាគ្មានជនរងគ្រោះណាម្នាក់នៅសល់។
ក្រុមអាជ្ញាធរបាននិយាយថា មូលហេតុនៃការបាក់រលំនេះ គឺដោយសារការងារសំណង់ជាន់លើ ដែលគ្រឹះសាលាមិនអាចទ្រាំទ្របាន៕