ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅថៃ ឡើងដល់ ២២នាក់ ខណៈកិច្ចប្រឹងប្រែងសង្គ្រោះ កំពុងដំណើរការ

អាជ្ញាធរ នៅថ្ងៃអង្គារ (ទី៧ ខែតុលា) នេះ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅប្រទេសថៃ បានឡើងដល់ ២២នាក់យ៉ាងតិច ខណៈដែលពួកគេបានប្រញាប់ប្រញាល់ទៅជួយសង្គ្រោះមនុស្សប្រមាណ ៣៧០.០០០នាក់ដែលរងផលប៉ះពាល់ ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ទន្លេ។
អាជ្ញាធរបានប្រាប់ឲ្យដឹងថា ក្រុមសង្គ្រោះបន្ទាន់ កំពុងចែកចាយស្បៀងអាហារ និងការផ្គត់ផ្គង់ផ្សេងៗ ហើយកំពុងតាមដានយ៉ាងដិតដល់នូវកម្រិតទឹក ខណៈដែលរដូវមូសុងនាំមកនូវភ្លៀងធ្លាក់ខ្លាំង។
គួរបញ្ជាក់ថា នាយកដ្ឋានបង្ការគ្រោះមហន្តរាយ បានឲ្យដឹងថា ខេត្តចំនួន ១៩ របស់ថៃ ត្រូវបានរងផលប៉ះពាល់ដោយគ្រោះធម្មជាតិទឹកជំនន់នេះ ដោយខេត្តអ៊ុតតារ៉ាដីត (Uttaradit) និងអាយុធ្យា (Ayutthaya) នៅភាគខាងជើងនៃទីក្រុងបាងកក ស្ថិតក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងជាងគេ៕

You might also like