អង្គការពាណិជ្ជកម្មពិភពលោក ទម្លាក់ការព្យាករណ៍កំណើនពាណិជ្ជកម្មសកលមកត្រឹម ០,៥ % សម្រាប់ឆ្នាំក្រោយ
អង្គការពាណិជ្ជកម្មពិភពលោក (WTO )បានទម្លាក់ការព្យាករណ៍នៅឆ្នាំ ២០២៦ របស់ខ្លួនយ៉ាងខ្លាំងសម្រាប់កំណើនទំហំពាណិជ្ជកម្មទំនិញសកលមកត្រឹម ០,៥% កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយលើកឡើងពីផលប៉ះពាល់ដែលរំពឹងទុកពីគោលនយោបាយដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិក Donald Trump ។នេះ បង្ហាញពីការកែប្រែគួរឱ្យកត់សម្គាល់ ធ្លាក់ចុះពីការប៉ាន់ប្រមាណកាលពីកន្លងទៅរបស់ខ្លួនកាលពីក្នុងខែសីហា នៃកំណើន១,៨%។
ប្រមុខអង្គការនេះលោកស្រី Ngozi Okonjo-Iweala បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា ចក្ខុវិស័យសម្រាប់ឆ្នាំក្រោយគឺកាន់តែអាក្រក់ ហើយលោកស្រី មានការព្រួយបារម្ភយ៉ាងខ្លាំង ។
ទោះជាយ៉ាងណាក៏ដោយ លោកស្រីនិយាយថាប្រព័ន្ធពាណិជ្ជកម្មពិភពលោកកំពុងបង្ហាញពីភាពធន់ ដោយប្រព័ន្ធពហុភាគីផ្អែកលើច្បាប់ផ្តល់នូវស្ថិរភាពមួយចំនួនស្របពេលមានចលាចលពាណិជ្ជកម្ម។
សម្រាប់ឆ្នាំ ២០២៥ អង្គការ WTO បានដំឡើងការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនទំហំពាណិជ្ជកម្មពិភពលោកដល់ ២,៤% ពី០,៩% កាលពីកន្លងទៅ ដែលជំរុញជាចម្បងដោយការដឹកជញ្ជូនទំនិញនាំចូលទៅកាន់សហរដ្ឋអាមេរិក មុនពេលការដំឡើងពន្ធ និងកំណើនពាណិជ្ជកម្មទំនិញដែលទាក់ទងនឹង AI ។ វានៅតែទាបជាងកំណើន ២,៨% ដែលត្រូវគេមើលឃើញក្នុងឆ្នាំ២០២៤។
ការសម្រេចចិត្តដំឡើងពន្ធរបស់លោក Trump ចាប់តាំងពីលោកចូលកាន់តំណែងក្នុងខែមករា បានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុមានភាពរង្គោះរង្គើ និងបានបញ្ជូនរលកនៃភាពមិនច្បាស់លាស់តាមរយៈសេដ្ឋកិច្ចពិភពលោក។កាលពីថ្ងៃទី ៧ ខែសីហា លោក Trump បានដាក់ពន្ធខ្ពស់លើការនាំចូលពីប្រទេសរាប់សិប ដោយបន្សល់ទុកដៃគូពាណិជ្ជកម្មសំខាន់ៗដូចជា ស្វីស ប្រេស៊ីល និងឥណ្ឌា ប្រជែងគ្នាដើម្បីទទួលបានកិច្ចព្រមព្រៀងប្រសើរជាងមុន ខណៈសហភាពអឺរ៉ុបបានចុះកិច្ចព្រមព្រៀងដែលកំណត់ពន្ធ១៥% លើទំនិញភាគច្រើនរបស់សហភាពអឺរ៉ុបដែលនាំចូលទៅសហរដ្ឋអាមេរិក៕