អ្នកផលិតមាតិកា និងជាInfluencer បរទេសល្បីៗនៅកម្ពុជា ប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនខ្លួន និងពិភពលោក
នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យក្រុមអ្នកផលិតមាតិកា និងជា Influencer បរទេសល្បីៗ នៅប្រទេសកម្ពុជា រួមមាន៖ អាម៉េរិក បារាំង អង់គ្លេស ចិន ហ្គាណា និងនីហ្សេរីយ៉ា ដែលដឹកនាំដោយឯកឧត្តម Jesse McCaul ចូលជួបសម្តែងការគួរសម ដើម្បីស្នើសុំអនុសាសន៍ដឹកនាំបន្តពីលើការផលិតមាតិកា ព្រមទាំងសំណើកិច្ចសហប្រតិបត្តិការជួយផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍ នាទីស្តីការក្រសួង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សកម្មលើការផលិត និងចែករំលែកមាតិកាល្អៗ ពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជាកន្លងមកដល់ប្រជាជននៅប្រទេសកំណើតរបស់ខ្លួន និងប្រជាជនពិភពលោកទាំងមូល។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើដល់អ្នកផលិតមាតិកា និងជា Influencer ដែលមកពីប្រទេសផ្សេងៗ គ្នាតែមានចិត្តរួមគ្នាស្រលាញ់រស់នៅលើទឹកដីកម្ពុជាទាំងអស់យកចិត្តទុកដាក់ផលិតឱ្យបានល្អនូវមាតិកាអំពីប្រទេសកម្ពុជា ព្រមទាំង ពីសភាពការណ៍ពីតពីនយោបាយ សន្តិសុខ ស្ថិរភាពសង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការធានាសុខសុវត្ថិភាពភ្ញៀវទេសចររបស់រាជរដ្ឋាភិបាលកម្ពុជា ការចូលរួមប្រឆាំងនឹងព័ត៌មានក្លែងក្លាយដល់ Followers រាប់លាននាក់របស់ខ្លួនដែលនៅគ្រប់ទិសទីនៃពិភពលោក។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសន្យារៀបចំលិខិតថ្លែងអំណរគុណ នឹងផ្តល់ជូនអ្នកផលិតមាតិកា និងជា Influencers ទាំងនេះ សម្រាប់ការដឹងគុណពីការចូលរួមចំណែកដ៏សំខាន់ និងវិជ្ជមានពីប្រទេសកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជារហូតមកដល់ពិភពលោកតាមរយៈការផ្សព្វផ្សាយដល់ Followers រាប់លាននាក់ពីគ្រប់ទិសទីនៃពិភពលោក៕