ក្បួនរថយន្តប្រធានាធិបតីអេក្វាទ័រ រងការវាយប្រហារដោយដុំថ្ម ខណៈមនុស្ស៥នាក់ ត្រូវបានឃាត់ខ្លួន

(គីតូ)៖ ប្រធានាធិបតីនៃប្រទេសអេក្វាទ័រ លោក Daniel Noboa បានរួចផុតពីគ្រោះថ្នាក់កាលពីថ្ងៃអង្គារ ទី៧ ខែតុលា បន្ទាប់ពីរថយន្តរបស់លោក បានរងការវាយប្រហារដោយការគប់ដុំថ្ម ពីសំណាក់ក្រុមបាតុករដែលផ្ទុះកំហឹងខ្លាំង ខណៈរដ្ឋមន្រ្តីអេក្វាទ័រមួយរូប បានចាត់ទុកទង្វើនេះ ជាការប៉ុនប៉ងធ្វើឃាតលោកប្រធានាធិបតី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋមន្រ្តីថាមពល លោកស្រី Ines Manzano ដែលបានដាក់បណ្តឹងផ្លូវការស្តីពីការប៉ុនប៉ងធ្វើឃាត បានប្រាប់ថា មនុស្ស៥នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីក្បួនរថយន្តរបស់លោក Noboa ត្រូវបានឡោមព័ទ្ធដោយក្រុមបាតុករប្រហែល៥០០នាក់ នាំគ្នាគ្រប់ដុំថ្មនិងវត្ថុផ្សេងៗទៀតមកលើ។ ការិយាល័យលោក Noboa ក៏បាននិយាយដែរថា ជនដែលត្រូវបានចាប់ខ្លួនទាំងនោះ នឹងត្រូវចាត់ការតាមនីតិវិធីច្បាប់ ក្រោមបទចោទប្រកាន់ភេរវកម្ម និងប៉ុនប៉ងធ្វើឃាត។
គួរបញ្ជាក់ថា លោក Noboa អាយុ៣៧ឆ្នាំ ដែលជាប្រធានាធិបតីវ័យក្មេងជាងគេរបស់អេក្វាទ័រ បានបន្តជាប់ឆ្នោតសាជាថ្មី កាលពីខែមេសា ឆ្នាំនេះ។ បាតុកម្មដែលនាំឱ្យមានហេតុការណ៍វាយប្រហារខាងលើ បានផ្ទុះឡើងនៅខេត្ត Canar បន្ទាប់ពីរដ្ឋាភិបាលបានលុបចោល កម្មវិធីឧបត្ថម្ភធនប្រេងឥន្ធនៈ ដែលបានធ្វើឱ្យតម្លៃប្រេងកើនឡើងខ្ពស់៕

You might also like