លោកTrump ៖ កងកម្លាំងអ៊ីស្រាអែល អាចចាប់ផ្តើមប្រយុទ្ធឡើងវិញ នៅហ្កាហ្សាឱ្យតែលោកថា ហាម៉ាសមិនគោរពបទឈប់បាញ់

លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃពុធថា លោកនឹងពិចារណាអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បន្តសកម្មភាពយោធានៅតំបន់ហ្កាហ្សាឡើងវិញ ប្រសិនបើក្រុមហាម៉ាសមិនព្រមរក្សាការបញ្ចប់កិច្ចព្រមព្រៀងបទឈប់បាញ់របស់ខ្លួន ដោយប្រាប់ទូរទស្សន៍ CNN ថាកងកម្លាំងអ៊ីស្រាអែល អាចវិលត្រឡប់ទៅវិញភ្លាមៗឱ្យតែលោកនិយាយមួយម៉ាត់។
លោកប្រធានាធិបតី បាននិយាយក្នុងជំនួបតាមទូរស័ព្ទខ្លីមួយថា អ្វីដែលនឹងកើតឡើងជាមួយក្រុមហាម៉ាស នឹងអាចកើតឡើងភ្លាមៗ។ ការអត្ថាធិប្បាយរបស់លោក Trump កើតឡើង ខណៈអ៊ីស្រាអែលកំពុងចោទប្រកាន់ក្រុមហាម៉ាសដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកចាត់ទុកជាអង្គការភេរវករ ថា មិនគោរពតាមកិច្ចព្រមព្រៀងដែលខ្លួនប្រគល់ចំណាប់ខ្មាំងនៅមានជីវិត និងស្លាប់ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីបញ្ចប់ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា។
នោះបានបង្កឱ្យមានការខឹងសម្បារកាន់តែខ្លាំងក្នុងប្រទេសអ៊ីស្រាអែល ដែលក្រុមអាជ្ញាធរបានប្រាប់អង្គការសហប្រជាជាតិថា ការដឹកជញ្ជូនជំនួយមនុស្សធម៌ដែលរំពឹងថានឹងអនុញ្ញាតឱ្យចូលទៅក្នុងដែនដីហ្កាហ្សា នឹងត្រូវកាត់បន្ថយ ឬពន្យារពេល ដោយសារការប្រគល់ចំនួនចំណាប់ខ្មាំងដែលបានស្លាប់មានតិចតួច។ ប៉ុន្តែរហូតមកដល់ពេលនេះ បទឈប់បាញ់នៅតែជាធរមាន។
ប្រភពស្និទនឹងបញ្ហានេះបានប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃពុធថា គិតត្រឹមព្រឹកថ្ងៃពុធសប្ដាហ៍នេះ ចំណាប់ខ្មាំងអ៊ីស្រាអែលនៅមានជីវិតទាំង២០នាក់ ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសអ៊ីស្រាអែលវិញរួចរាល់ហើយ។ ប៉ុន្តែក្រុមហាម៉ាសបានប្រគល់សាកសពមនុស្សប្រាំបីនាក់ រួមទាំងបួននាក់កាលពីយប់ថ្ងៃអង្គារ ហើយយោធាអ៊ីស្រាអែលបាននិយាយថា មួយក្នុងចំណោមសាកសពទាំងនោះមិនមែនជារបស់ចំណាប់ខ្មាំងអ៊ីស្រាអែលទេ។ចំណាប់ខ្មាំង បួនទៅប្រាំនាក់ ទៀត ត្រូវគេរំពឹងថា នឹងបញ្ជូនត្រឡប់មកវិញនៅថ្ងៃនេះ៕

You might also like