ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ឯកភាពលើបទឈប់បាញ់បណ្តោះអាសន្ន បន្ទាប់ពីការប្រយុទ្ធជាថ្មី
ប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានយល់ព្រមលើបទឈប់បាញ់មួយ កាលពីថ្ងៃពុធ (១៥ តុលា) បន្ទាប់ពីការវាយប្រហារតាមអាកាស និងការប្រយុទ្ធជើងគោកនាពេលថ្មីៗ បានបង្កើនភាពតានតឹងរវាងប្រទេសជិតខាងអាស៊ីខាងត្បូងទាំងពីរ ដែលបណ្តាលឱ្យជនស៊ីវិលរាប់សិបនាក់ស្លាប់ និងប្រមាណ ១០០នាក់រងរបួស។
សេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសប៉ាគីស្ថាន និយាយថា ប្រទេសទាំងពីរនឹងអនុវត្ត “បទឈប់បាញ់បណ្តោះអាសន្ន” រយៈពេល ៤៨ម៉ោង ចាប់ផ្តើមពីម៉ោងសកល ១៣:០០ GMT នៅថ្ងៃពុធ ទី១៥ ខែតុលា ដោយបន្ថែមថា បទឈប់បាញ់នេះត្រូវស្នើសុំដោយទីក្រុងកាប៊ុល។ អ្នកនាំពាក្យរដ្ឋបាលតាលីបង់អាហ្វហ្កានីស្ថាន និយាយថា បទឈប់បាញ់នេះគឺដោយសារ “ការទទូចរបស់ភាគីប៉ាគីស្ថាន”។
ការប្រយុទ្ធកាលពីថ្ងៃពុធ នៅតាមបណ្តោយព្រំដែនរវាងភាគីទាំងពីរ បានបំផ្លាញសន្តិភាពដ៏ផុយស្រួយ បន្ទាប់ពីមនុស្សរាប់សិបនាក់បានស្លាប់ក្នុងការប៉ះទង្គិចមួយផ្សេងទៀតកាលពីចុងសប្តាហ៍កន្លងទៅ ដែលជាឧប្បត្តិហេតុអាក្រក់បំផុតរវាងរដ្ឋអ៊ិស្លាមទាំងពីរ ចាប់តាំងពីក្រុមតាលីបង់ បានដណ្តើមកាន់កាប់អំណាចនៅទីក្រុងកាប៊ុល ក្នុងឆ្នាំ២០២១មក។
គួរឱ្យដឹងថា ភាពតានតឹងថ្មីៗនេះរវាងអតីតសម្ព័ន្ធមិត្តទាំងពីរ បានផ្ទុះឡើងបន្ទាប់ពីទីក្រុងអ៊ីស្លាម៉ាបាដ ទាមទារឱ្យរដ្ឋបាលតាលីបង់អាហ្វហ្គានីស្ថាន ចាត់វិធានការទប់ទល់ពួកសកម្មប្រយុទ្ធដែលបានបង្កើនការវាយប្រហារនៅប៉ាគីស្ថាន ដោយនិយាយថា ក្រុមប្រដាប់អាវុធទាំងនោះប្រតិបត្តិការពីជម្រកនៅក្នុងទឹកដីអាហ្វហ្គានីស្ថាន។ ប៉ុន្តែក្រុមតាលីបង់ បានច្រានចោលរឿងនេះ ហើយចោទយោធាប៉ាគីស្ថានវិញថាផ្សាយព័ត៌មានមិនពិតពីអាហ្វហ្គានីស្ថាន ដែលបង្កឱ្យមានភាពតានតឹងនៅតាមព្រំដែន៕



