ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ៤នាក់ ករណីឆក់ប្រដាប់អាវុធ ៣ករណី

ជនសង្ស័យ១នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីឆក់ប្រដាប់ដោយអាវុធខ្លីចំនួន៣ករណី។

នគរបាលប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៩:៣០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ក្នុងចំណោមបក្ខពួក ០៤នាក់ (គេចខ្លួន) ពាក់ព័ន្ធករណីឆក់ប្រដាប់ដោយអាវុធខ្លីចំនួន ០៣ករណី។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ មាន ម៉េងជូ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ។
ទាំង ៣ករណី រួមមាន ករណីទី១: ឆក់ទូរស័ព្ទដៃ ០១គ្រឿង បានសម្រេច នៅចំនុចមុខម៉ាតអូរឡាំពិក ផ្លូវ២០៥ ភូមិ០៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង កាលពីថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៥។ ករណីទី២: ឆក់ខ្សែករមិនបានសម្រេច នៅចំណុចមុខផ្ទះលេខ៣ ផ្លូវលេខ៣២៨ ភូមិ៣ សង្កាត់ទួលស្វាយទី១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។ ជនរងគ្រោះមិនដាក់ពាក្យបណ្ដឹង ។ ករណីទី៣: ឆក់ខ្សែករបានសម្រេច នៅចំណុចមុខហាងលក់ម៉ូតូយីហោអាតម៉េងហុង ផ្ទះលេខ២A ផ្លូវព្រះសីហនុ ភូមិ៨ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។ ជនរងគ្រោះដាក់ពាក្យបណ្ដឹង។
ជនសង្ស័យ រួមនិងវត្ថុតាង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធី៕

You might also like