មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនក្នុងក្លឹបមួយកន្លែងនៅកោះពេជ្រ ដកហូតបានថ្នាំញៀនមួយចំនួនធំ និងឃាត់ខ្លួនជនសង្ស័យ ២៥៧នាក់ យកមកសួរនាំ

ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅម៉ោង១២ និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គឹម ហុងសាន បានឆ្មក់ចូលបង្ក្រាបករណីរក្សារទុក ជួញដូរ ចាត់ចែងសម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់នូវសារធាតុញៀន នៅក្លឹបមួយកន្លែងឈ្មោះ ខេមបូឌា ស្កាយ៍ Cambodia Sky ឋិតនៅចំណុចកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យចំនួន ២៥៧នាក់ ក្នុងនោះជនជាតិខ្មែរ ៦២នាក់ រួមមានបុគ្គលិក អនាម័យ ចុងភៅ និងជនជាតិចិន និងជនជាតិវៀតណាម ១៩៥នាក់ ដោយបានចាប់យកវត្ថុតាងគ្រឿងញៀនមួយចំនួនធំ, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន និងទូរស័ព្ទដៃមួយចំនួនធំ។
ជនសង្ស័យទាំង ២៥៧នាក់ កំពុងត្រូវបានឃាត់ខ្លួននៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីសួរនាំ និងអនុវត្តនីតិវិធី៕

You might also like