EU ស្នើគម្រោងការពារជាតិដ៏សំខាន់ថ្មី ដើម្បីទប់ទល់យានដ្រូន និងការពារព្រំដែនភាគខាងកើត
គណៈកម្មការអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ (១៦ តុលា) បានស្នើឡើងនូវគម្រោងការពារអឺរ៉ុបសំខាន់ៗថ្មីចំនួន៤ រួមទាំងប្រព័ន្ធប្រឆាំងយានដ្រូន និងផែនការពង្រឹងព្រំដែនភាគខាងកើត ដែលជាផ្នែកមួយនៃការជំរុញវិស័យការពារដើម្បីឱ្យទ្វីបនេះត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីអាចការពារខ្លួននៅឆ្នាំ២០៣០។
សំណើដែលដាក់ក្នុងគោលនយោបាយការពារជាតិ “ផែនទីបង្ហាញផ្លូវ” របស់សហភាពអឺរ៉ុប (EU) បានឆ្លុះបញ្ចាំងពីភាពភ័យខ្លាចកាន់តែខ្លាំងឡើងជំរុញដោយសង្រ្គាមនៅអ៊ុយក្រែន ដែលថា រុស្ស៊ីអាចវាយប្រហារសមាជិកសហភាពអឺរ៉ុបក្នុងប៉ុន្មានឆ្នាំខាងមុខ រួមទាំងការអំពាវនាវរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ឱ្យអឺរ៉ុបធ្វើបន្ថែមទៀតសម្រាប់សន្តិសុខរបស់ខ្លួន។
ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas បានប្រាប់សន្និសីទសារព័ត៌មានមួយថា “គ្រោះថ្នាក់នឹងមិនរលាយបាត់ឡើយ ទោះបីជាសង្គ្រាមនៅអ៊ុយក្រែនបញ្ចប់ក៏ដោយ។ នេះបង្ហាញច្បាស់ណាស់ថា អឺរ៉ុបត្រូវតែពង្រឹងការការពាររបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី”។
គណៈកម្មាការអឺរ៉ុបបង្ហាញឈ្មោះគម្រោងការពារទាំង៤ នោះថា ផែនការពីរដំបូងគឺមានភាពបន្ទាន់ជាពិសេស ដោយទីមួយគឺគំនិតផ្តួចផ្តើមរារាំងដ្រូនរបស់អឺរ៉ុប ដែលពីមុនត្រូវគេស្គាល់ថាជា “ជញ្ជាំងដ្រូន” និងទីពីរគឺ បណ្ដាញឃ្លាំមើលស្លាបខាងកើត ដែលមានបំណង “ពង្រឹងព្រំដែនខាងកើតរបស់ EU ទាំងដីគោក ផ្លូវអាកាស និងសមុទ្រ”។ គម្រោងទីបីគឺ ខែលដែនអាកាសអឺរ៉ុប ដើម្បីការពារប្រឆាំងនឹងមីស៊ីល និងការគំរាមកំហែងលើអាកាសផ្សេងទៀត ចំណែកគម្រោងទីបួនគឺ ខែលអវកាសអឺរ៉ុប ដើម្បីការពារទ្រព្យសម្បត្តិ និងសេវាកម្មទីអវកាសរបស់ទ្វីបនេះ៕



