រថយន្តដឹកស្រូវបុករបាំងចែកផ្លូវ បណ្តាលឱ្យក្រឡាប់ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៨នាក់
ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់មានមនុស្សចំនួន៨នាក់ បានរងរបួសធ្ងន់និងស្រាល ខណៈមានម្នាក់ទៀតបានស្លាប់នៅក្រោមគំនរស្រូវ ក្នុងឧប្បតិហេតុ ក្រឡាប់រថយន្តខ្នាតយក្ស១គ្រឿងដែលដឹកស្រូវរាប់សិបតោន កាលពី ថ្ងៃទី១៩ តុលា លើកំណាត់ផ្លូវហាយវេ ស្ថិតក្នងភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ដែលគេសង្ស័យតៃកុងដេកលក់មួយភាំង។
ប្រភពព័ត៌មានបានបញ្ជាក់ថា រថយន្ត១គ្រឿងខាង លើនោះដឹកស្រូវជាច្រើនតោន ហើយមានអ្នករួមដំណើរចំនួន៩នាក់ រាប់ទាំងអ្នកបើកបរផង ដែលទំនងជាក្រុមកម្មករលីស្រូវ។ របាយរណ៍ដដែលឲ្យដឹងថា រថយន្ត១ គ្រឿងខាងលើម៉ាក ហាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3C-1236 បើកបរដោយយុវជនម្នាក់ឈ្មោះ ងឿ អាយុ២៣ឆ្នាំ រងរបួសធ្ងន់ រស់នៅឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ដោយឡែកអ្នករួមដំណើរចំនួន០៨នាក់ទៀត មានម្នាក់បានស្លាប់យ៉ាងរន្ធត់ក្រោមគំនរបាវស្រូវ ក្រៅពីនេះរងរបួសធ្ងន់ និង ស្រាល។ សាក្សីដែលបានឃើញដំណើររថយន្តពីដំបូងបាននិយាយថា រថយន្តដឹកស្រូវនេះ ធ្វើដំណើរពីត្បូងទៅជើង ហាក់ដូចជាបើកមិនត្រង់ផ្លូវទេដោយរេចង្កូតពេញផ្លូវ។
សាក្សីដដែលបានប្រាប់ថា ពេលធ្វើដល់ចំណុចគ្រោះ ថ្នាក់ ស្រាប់តែជ្រុលទៅបុករបាំងពុះចែកផ្លូវពេញទំហឹង ហើយហើយរេចង្កូតក្រឡាប់ធ្លាក់ចូលស្រែតែម្ដង។ អ្នកជួយសង្គ្រោះបានបញ្ជាក់ថា រថយន្តបានក្រឡាប់ចាក់បាវស្រូវពេញស្រែ លាយឡំជាមួយអ្នកជិះ។ អ្នករួមដំណើរខ្លះត្រូវបាវស្រូវសង្កត់ជាប់ តែអកុសលមានបុរសម្នាក់ បានស្លាប់ដោយបាវស្រូវសង្កត់លើរើមិនរួច។
មន្ត្រីនគរបាលចរាចរណ៍ នៃអធិការស្រុកថ្មគោល និង មន្ត្រីការិយាល័យចរាចរណខេត្តបានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីជួយសង្គ្រោះអ្នករងរបួស។
ឧបទ្ទវហេតុគ្រោះថ្នាក់នេះ ដោយសារតែការបើកបរខ្វះការប្រុងប្រយ័ត្ន ឬ អាចបណ្ដាលមកពីអ្នកបើកបរងុយដេកមួយភាំង។ ពីព្រោះបើតាមសាក្សី និង តាមការពិនិត្យជាក់ស្ដែងរថយន្តនេះ ពុំមានជួបឧបស័គ្គិអ្វីឡើយ គឺ បង្កគ្រោះថ្នាក់ដោយខ្លួនឯង៕



