អ្នកនាំពាក្យនៃគណៈប្រតិភូកម្ពុជាប្រចាំ IPU ច្រានចោលទាំងស្រុងចំពោះរបាយការណ៍មិនពិត និងបំភាន់ ដែលផ្សាយដោយសារព័ត៌មានថៃ The Nation ដែលថា «កម្ពុជាបង្កើនការវាយប្រហារលើប្រទេសថៃ»

(ភ្នំពេញ)៖ អ្នកនាំពាក្យនៃគណៈប្រតិភូព្រះរាជាណាចក្រកម្ពុជាប្រចាំមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៥១ នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ ច្រានចោលទាំងស្រុងនូវរបាយការណ៍មិនពិត និងបំភាន់ ដែលបានផ្សព្វផ្សាយដោយសារពត៌មានថៃ The Nation នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ក្រោមចំណងជើងថា «ក្រុមការងារថៃរាយការណ៍ថា កម្ពុជាបង្កើនការវាយប្រហារលើប្រទេសថៃ»។

សេចក្តីថ្លែងការណ៍ បានបញ្ចាក់ថា របាយការណ៍នេះបានបំភ្លៃការពិតទាំងស្រុង ដោយបានពណ៌នាខុសថា «កម្ពុជាបានវាយប្រហារប្រទេសថៃនៅគ្រប់វេទិកា» និង «ប្រើប្រាស់វេទិកា IPU ដើម្បីរិះគន់ប្រទេសថៃ»។ ផ្ទុយទៅវិញ ក្នុងអំឡុងកិច្ចប្រជុំ ASEAN+3 ក្រុមអាស៊ី-ប៉ាស៊ីហ្វិក និងមហាសន្និបាតសភាអាស៊ី (APA) គណៈប្រតិភូកម្ពុជាតែងតែបានប្រកាន់ខ្ជាប់ជានិច្ចនូវឥរិយាបថប្រកបដោយកិត្តិយស ភាពអត់ធ្មត់ និងការគោរពចំពោះគ្រប់សមាជិកសភាទាំងអស់ ដោយអនុលោមយ៉ាងពេញលេញតាមគោលការណ៍របស់ IPU អាស៊ាន និងការទូតសភានៅលើឆាកអន្តរជាតិ។ ជាងនេះទៅទៀត កម្ពុជាពុំបានប្រើពាក្យពេចន៍ ណាមួយនៅក្នុងបទអន្តរាគមន៍ផ្លូវការរបស់គណៈប្រតិភូកម្ពុជា ដែលបង្ហាញថា កម្ពុជាជំទាស់នឹង សំណើរបស់ថៃនោះទេ កម្ពុជាគ្រាន់តែបានស្នើសុំឱ្យសេចក្តីព្រាងសេចក្តីសម្រេចដែលបានស្នើឡើង ដោយគណៈប្រតិភូថៃ ត្រូវបានពិនិត្យ និងកែលម្អឡើងវិញ ដើម្បីឆ្លុះបញ្ចាំងឱ្យបានត្រឹមត្រូវនូវគោល ការណ៍គ្រឹះរបស់ IPU គឺភាពមិនលម្អៀង អព្យាក្រឹត និងកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយ ស្ថាបនា។
សេចក្តីថ្លែងការណ៍បានបន្តថា ជាការសោកស្តាយយ៉ាងខ្លាំងដែលសារព័ត៌មាន The Nation បានជ្រើសរើសផ្សព្វផ្សាយរឿងរ៉ាវ បំផ្លើស និងគ្មានមូលដ្ឋាន ដែលស្វែងរកការបង្កហេតុអរិភាព និងបំភាន់មតិសាធារណៈ។ របាយការណ៍ ដែលមិនទទួលខុសត្រូវបែបនេះ មិនបានបម្រើដល់សន្តិភាព និងការយោគយល់គ្នា ហើយក៏មិនឆ្លុះ បញ្ចាំងពីស្មារតីពិតនៃមិត្តភាពរវាងប្រជាជនថៃ និងកម្ពុជា នោះទេ។
កម្ពុជាជឿជាក់យ៉ាងមុតមាំថា សេចក្តីពិត និងយុត្តិធម៌ត្រូវតែមានជ័យជំនះ។ គណៈប្រតិភូ របស់យើងតែងតែប្រព្រឹត្តដោយសុច្ចរិត ដឹកនាំដោយភាពស្មោះត្រង់ តម្លាភាព និងតម្លៃរួមនៃកិច្ចសហ ប្រតិបត្តិការអាស៊ាន។ ផ្ទុយទៅវិញ ការបំភ្លៃព្រឹត្តិការណ៍ដោយចេតនាពីសំណាក់ភាគីមួយចំនួន បានបង្ហាញពីកង្វះ ទំនុកចិត្ត និងការខ្វះការទទួលខុសត្រូវពីសំណាក់អ្នកដែលជ្រើសរើសការស្តីបន្ទោសជាជាងកិច្ចសហ ប្រតិបត្តិការ។
កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការគោរពឥតងាករេរបស់ខ្លួនចំពោះសហភាពអន្តរសភា និងសម្តែងការជឿ ជាក់យ៉ាងពេញលេញលើសមត្ថភាពរបស់មហាសន្និបាតក្នុងការបែងចែករវាងការពិត និងការប្រឌិត។ យើងនៅតែ ប្តេជ្ញាធ្វើការប្រកបដោយស្ថាបនាជាមួយគណៈប្រតិភូទាំងអស់ រួមទាំងគណៈប្រតិភូថៃ ផងដែរ ដើម្បីជំរុញរបៀបវារៈរួមក្នុងតំបន់ និងសកលលោក ស្តីពីសន្តិភាព ការសន្ទនា និងការអភិវឌ្ឍ ប្រកបដោយចីរភាព។
គណៈប្រតិភូកម្ពុជា បានទទូចឱ្យភាគីពាក់ព័ន្ធទាំងអស់ ចៀសវាងធ្វើការ ផ្សព្វផ្សាយព័ត៌មានមិនពិត និងប្រកាន់ខ្ជាប់នូវគោលការណ៍នៃវិជ្ជាជីវៈ យុត្តិធម៌ និងការគោរពគ្នាទៅវិញ ទៅមក ដែលបង្កើតបានជាមូលដ្ឋានគ្រឹះនៃការទូតសភា។
«សច្ចៈភាពមិនខ្លាចការធ្វើអធិការកិច្ចឡើយ ហើយជំហររបស់កម្ពុជាគឺឈរលើភាពស្មោះត្រង់ និងតម្លាភាព»៕

You might also like