សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ។
អាកាសយានដ្ឋាននេះត្រូវបានកសាងឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលការដ្ឋានសាងសង់បានចាប់ផ្តើមនៅឆ្នាំ២០២០ ដោយស្នាដៃស្ថាបត្យករ វិស្វករ និងអ្នកសាងសង់ជាកូនខ្មែរ។
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនេះ ក្រោមទឹកប្រាក់វិនិយោគ ដែលដំបូងគ្រោងចំនួន ១៥០០លានដុល្លារ ជាគម្រោងចម្រុះរដ្ឋ និងឯកជន ដែលរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល មានភាគហ៊ុនវិនិយោគ១០% នៅក្នុងភាគហ៊ុន ១០០% ដោយក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែលជាក្រុមហ៊ុនសំខាន់ក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈគម្រោងចំណាយបានកើនរហូតដល់ជាង ២០០០លានដុល្លារ នៅពេលបើកប្រតិបត្តិការតំបូង នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥៕



