ចំនួនមនុស្សស្លាប់ដោយសារព្យុះត្រូពិក Fengshen ក្នុងប្រទេសហ្វីលីពីន បន្តកើនឡើងថែមទៀត
ព្យុះត្រូពិក Fengshen បានបោកបក់នៅភាគខាងជើង និងកណ្តាលប្រទេសហ្វីលីពីន កាលពីចុងសប្តាហ៍នេះ បានបណ្ដាលឲ្យមនុស្សស្លាប់កើនឡើងដល់៧នាក់ បន្ទាប់ពីបានបង្ខំឱ្យមនុស្សជាង ២២,០០០នាក់ ជម្លៀសចេញពីភូមិឋាននានា ដែលងាយរងគ្រោះដោយទឹកជំនន់ និងបំណាក់ដី។
ព្យុះត្រូពិកនេះបានបោកបក់ចេញពីតំបន់ Luzon ភាគខាងជើងហ្វីលីពីន ចូលទៅក្នុងសមុទ្រចិនខាងត្បូង កាលពីល្ងាចថ្ងៃអាទិត្យ។ ក្រុមអ្នកព្យាករណ៍របស់រដ្ឋាភិបាលបាននិយាយថា បច្ចុប្បន្នមានល្បឿនខ្យល់បក់រហូតដល់ ៦៥ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានកម្លាំងរហូតដល់៨០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់រដ្ឋាភិបាលបាននិយាយថា ការស្លាប់ចំនួនប្រាំពីរនាក់ត្រូវបានរាយការណ៍។ ទីភ្នាក់ងារនេះបាននិយាយថាមនុស្សជិត១៤.០០០នាក់ ដែលបានជម្លៀសចេញនៅតែពុំទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេបាននៅឡើយទេ គិតត្រឹមថ្ងៃចន្ទនេះ។
ក្រុមមន្ត្រីបាននិយាយថា មនុស្សម្នាក់បានលង់ទឹកស្លាប់កាលពីថ្ងៃសៅរ៍ នៅទីក្រុង Roxas ក្នុងខេត្ត Capiz ភាគកណ្តាល ជាទីដែលជំនោរទឹកជំនន់នៅក្នុងភូមិជាច្រើន កើនឡើងកាន់តែធ្ងន់ធ្ងរ ។
ស្នងការនគរបាលខេត្ត លោក Romulo Albacea និងមន្ត្រីដទៃទៀតបាននិយាយថា មនុស្ស ៥ នាក់ រួមទាំងកុមារពីរនាក់បានស្លាប់ ខណៈពួកគេកំពុងដេកលក់នៅពេលផ្ទះរបស់ពួកគេត្រូវបានវាយប្រហារកាលពីព្រឹកថ្ងៃអាទិត្យ ដោយដើមត្នោតដ៏ធំមួយដើម ដែលពួកគេបានដុត មុនពេលព្យាយាមផ្តួលរំលំ ដោយហេតុផលសុវត្ថិភាពនៅក្នុងទីក្រុង Pitogo ក្នុងខេត្ត Quezon ភាគខាងកើត៕



