លោក Trump និយាយថា សង្គ្រាមអ៊ុយក្រែនស្មុគស្មាញណាស់ ប៉ុន្តែនៅតែអាចដោះស្រាយបាន

លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ ២០ តុលា ថា ការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែននៅតែអាចធ្វើទៅបាន ទោះជាលោកហៅថាជាជម្លោះស្មុគស្មាញខ្លាំងរវាងមេដឹកនាំទាំងពីរដែលពិតជាស្អប់គ្នាទៅវិញទៅមកក៏ដោយ ខណៈប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានហៅជំនួបនាពេលថ្មីៗនេះជាមួយលោក Trump ថាប្រកបដោយផ្លែផ្កា និងបានប្រកាសពីវឌ្ឍនភាពលើកិច្ចព្រមព្រៀងការពារដែនអាកាសដ៏សំខាន់មួយ។
លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានថា រូបលោកគិតថាពួកលោកនឹងទៅដល់ចំណុចនោះ ប៉ុន្តែស្ថានភាពក្លាយជាធ្ងន់ធ្ងរនិងស្មុគស្មាញ ដោយសារតែអ្នកមានមេដឹកនាំពីររូប ដែលពិតជាស្អប់គ្នាខ្លាំង។
លោក Trump បាននិយាយថា សហរដ្ឋអាមេរិកបានបន្តជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី ជាសង្រ្គាមដែលរូបលោកបានសន្យាថានឹងបញ្ចប់ភ្លាមៗនៅពេលចូលកាន់តំណែងកាលពី១០ ខែមុន។លោកក៏បាននិយាយផងដែរថាលោកបានពិភាក្សាពីការវាយប្រហាររបស់រុស្ស៊ីលើជនស៊ីវិលជាមួយប្រធានាធិបតី Vladimir Putin ក្នុងអំឡុងជំនួបតាមទូរស័ព្ទចុងក្រោយរវាងលោកទាំងពីរ ហើយលោកបានប្រាប់រុស្ស៊ី ឲ្យបញ្ឈប់។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ លោក Zelenskyy បាននិយាយថា អ៊ុយក្រែនបានហៅកិច្ចប្រជុំរបស់លោកជាមួយលោក Trump ថាវិជ្ជមាន ដោយនិយាយសម្រាលរបាយការណ៍ដែលថាកិច្ចពិភាក្សានៅសេតវិមាន មានភាពតានតឹង។
លោកបានប្រកាសថាអ៊ុយក្រែនកំពុងរៀបចំកិច្ចសន្យារយៈពេលច្រើនឆ្នាំដើម្បីទទួលបានប្រព័ន្ធការពារដែនអាកាស Patriot ចំនួន ២៥ គ្រឿង ដោយហៅថាជាជំហានឆ្ពោះទៅមុខដ៏សំខាន់ក្នុងការពង្រឹងការការពាររបស់ប្រទេសនេះ ប្រឆាំងនឹងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី៕

You might also like