អត្តពលិក ៥ប្រភេទកីឡា បន្ដចេញទៅប្រកួតកីឡាយុវជនអាស៊ី នៅបារ៉ែន ជាមួយការតាំងចិត្ដប្រកួតប្រជែងខ្ពស់

(ភ្នំពេញ)៖ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ៤២នាក់ លើ ៥ប្រភេទកីឡា រួមមានកីឡាអត្តពលកម្ម, គុនខ្មែរ, គុនចម្រុះ, បាល់បោះ ៣ទល់៣ និងកីឡាតេក្វាន់ដូ WT កាលពីរាត្រីថ្ងៃទី២០ ខែតុលាកន្លងទៅ បានបន្ដចេញដំណើរទៅចូលរួមព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន ចាប់ពីថ្ងៃទី២២-៣១ ខែតុលាខាងមុខ។
ទន្ទឹមជាមួយបេសកកម្មនេះដែរ កីឡាករ-កីឡាការិនីវ័យក្មេងរបស់កម្ពុជា បានបង្ហាញការត្រៀមខ្លួនរួចរាល់ ក្នុងការប្រកួតប្រជែងជាមួយអត្តពលិក មកពីបណ្ដាប្រទេសផ្សេងៗ ។ ដោយផ្អែកលើការខំប្រឹងហ្វឹកហាត់កន្លមក គួបផ្សំនឹងការមានបទពិសោធន៍ប្រកួតលក្ខណៈអន្ដរជាតិខ្លះផង ពួគេបានប្ដេជ្ញានឹងខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកលទ្ធផលល្អ ពិសេសគឺគោលដៅដណ្ដើមមេដាយជូនជាតិតែម្ដង។
នេះបើតាមការលើកឡើងរបស់កីឡាករ គា សុខធា និង សេង ម៉េងឈុន សមាជិកក្រុមថ្នាលតេក្វាន់ដូ WT ក៏ដូចជាកីឡាករគុនចម្រុះ រី កែវសំណាង និង សុខ ដេវីត ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មាន មុនចាកចេញពីមាតុភូមិ កាលពីយប់ថ្ងៃច័ន្ទកន្លងទៅ។
សូមបញ្ជាក់ថា កម្ពុជាបានបញ្ជូនអត្តពលិក ១៤ប្រភេទ ទៅចូលរួមការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន ខណៈបច្ចុប្បន្នមានកីឡ ៧ប្រភេទហើយ បានចាកចេញពីមាតុភូមិរួចរាល់ រួមមានកីឡាបញ្ចស៊ីឡាត់, បាល់ទាត់លើតុ, កីឡាអត្តពលកម្ម, គុនខ្មែរ, គុនចម្រុះ, បាល់បោះ ៣ទល់៣ និងកីឡាតេក្វាន់ដូ WT ខណៈ ៧ប្រភេទទៀត រួមមានកីឡាវាយសី, លើកទម្ងន់, ហែលទឹក, វាយកូនឃ្លីលើតុ, ចំបាប់, យូដូ និងកីឡាជឺជីតស៊ូ នឹងធ្វើដំណើរជាបន្ដបន្ទាប់ តាមកម្មវិធីប្រកួតកីឡានីមួយៗ៕

You might also like