លោក Trump បញ្ជាក់ថា នឹងជួបលោក Xi នៅកូរ៉េខាងត្បូង ហើយទស្សនកិច្ចចិន ប្រហែលនៅដើមឆ្នាំក្រោយ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ (២០ តុលា) បានលើកឡើងថា លោកនឹងធ្វើទស្សនកិច្ចទៅប្រទេសចិន នៅដើមឆ្នាំក្រោយនេះ បន្ទាប់ពីបានទទួលការអញ្ជើញពីទីក្រុងប៉េកាំង ហើយក៏បញ្ជាក់ជាថ្មីថា លោករំពឹងថានឹងជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅកូរ៉េខាងត្បូង ដើម្បីសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្ម “យុត្តិធម៌” នៅចុងខែនេះ បើទោះបីជាមានជម្លោះពន្ធនាពេលថ្មីៗក៏ដោយ។
កាលពីសប្តាហ៍មុន ការវិលត្រឡប់ទៅរកសង្រ្គាមពាណិជ្ជកម្មពេញបន្ទុកហាក់ដូចជាជិតមកដល់ បន្ទាប់ពីចិនប្រកាសការទប់ស្កាត់ថ្មីលើការនាំចេញរ៉ែកម្ររបស់ខ្លួន ហើយលោក Trump បានគំរាមដំឡើងពន្ធបន្ថែមលើទំនិញចិនដល់ទៅ ១០០%។ យ៉ាងណាមិញ ថ្លែងកាលពីថ្ងៃចន្ទដដែលនោះ លោក Trump ហាក់ដូចជាទុកជម្លោះនេះនៅមួយឡែក ដោយនិយាយថា ចិន-អាមេរិក ត្រូវតែរីកចម្រើនជាមួយគ្នា។
ថ្លែងប្រាប់អ្នកយកព័ត៌មាននៅពេលជួបនាយករដ្ឋមន្ត្រីអូស្ត្រាលី — លោក Trump បាននិយាយថា លោករំពឹងថានឹងឈានដល់ “កិច្ចព្រមព្រៀងដ៏យុត្តិធម៌” ជាមួយទីក្រុងប៉េកាំង បន្ទាប់ពីជំនួបនៅកូរ៉េខាងត្បូង ដោយសង្កត់ធ្ងន់នូវជំនឿចិត្តរបស់លោកថា “បន្ទាប់ពីចាកចេញពីកូរ៉េខាងត្បូងរួច … អាមេរិកនឹងកាន់តែមានទំនាក់ទំនងល្អជាមួយចិន” ។
លោក Trump ក៏លើកឡើងពីដំណើរទស្សនកិច្ចនៅអាស៊ីរបស់លោកក្នុងសប្តាហ៍នេះផងដែរ ដោយនិយាយថា “លោកនឹងនៅម៉ាឡេស៊ី ជប៉ុន ហើយនិងប្រទេសមួយចំនួនទៀត”។ គួរឱ្យដឹងថា ម៉ាឡេស៊ី គ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន នៃប្លុកអាស៊ីអាគ្នេយ៍ ដែលត្រូវរំពឹងថានឹងមានការចូលរួមដោយផ្ទាល់ពីលោក Trump និងគណៈប្រតិភូរបស់លោក៕




