លោក Trump ប្រកាសពីដំណើរទស្សនកិច្ចអាស៊ីនៅចុងខែនេះ រួមទាំងម៉ាឡេស៊ី និងជប៉ុន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ (២០ តុលា) បានប្រកាសជាផ្លូវការនូវដំណើរទស្សនកិច្ចជាបន្តបន្ទាប់របស់លោកទៅកាន់តំបន់អាស៊ី នៅចុងខែតុលានេះ។ ថ្លែងប្រាប់អ្នកយកព័ត៌មានពេលជួបនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Trump បានលើកឡើងថា “លោកនឹងនៅម៉ាឡេស៊ី ជប៉ុន ហើយនិងប្រទេសមួយចំនួនទៀត”។
ជាដំបូង លោក Trump នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន នៅម៉ាឡេស៊ី ដែលចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី២៦ ខែតុលា ខាងមុខ។ បន្ទាប់មក លោកត្រូវបានរំពឹងថានឹងឈប់សំចតនៅជប៉ុន ក្នុងថ្ងៃចន្ទ ទី២៧ ខែតុលា រយៈពេលប្រហែលជា ៣បីថ្ងៃ។ បន្ថែមពីលើការជួបជាមួយមេដឹកនាំថ្មីរបស់ជប៉ុន លោកគ្រោងថ្លែងសុន្ទរកថាទៅកាន់បុគ្គលិកបម្រើការរបស់អាមេរិក នៅមូលដ្ឋានទ័ពជើងទឹកអាមេរិក ក្នុងទីក្រុង Yokosuka ជិតទីក្រុងតូក្យូ។
បន្ទាប់មកទៀត ប្រធានាធិបតីអាមេរិករូបនេះ នឹងទៅកាន់កូរ៉េខាងត្បូង ខណៈប្រទេសនេះធ្វើជាម្ចាស់ផ្ទះនៃជំនួបកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC ដែលប្រមូលផ្តុំនៅចុងខែនេះ។ យ៉ាងណាមិញ នៅតែមានអាថ៌កំបាំងជាច្រើនជុំវិញដំណើររបស់លោក Trump ដោយសារមិនមានការប្រកាសជាផ្លូវការពីសេតវិមានឡើយ ជាពិសេសទៅលើរបៀបវារៈ។
ទស្សនកិច្ចនេះជាដំណើរលើកដំបូងហើយរបស់លោក Trump ទៅអាស៊ី ចាប់តាំងពីត្រឡប់ទៅកាន់តំណែងវិញមក។ លោកស្រី Anna Kelly អ្នកនាំពាក្យរបស់ប្រធានាធិបតីអាមេរិករូបនេះ បានឆ្លើយតបទៅនឹងសំណួរជាច្រើនពីផែនការទស្សនកិច្ចនេះថា “លោកនឹងចូលរួមក្នុងកិច្ចប្រជុំ និងព្រឹត្តិការណ៍នានានៅអាស៊ី ដែលនឹងនាំមកនូវកិច្ចព្រមព្រៀងដ៏អស្ចារ្យជាច្រើនសម្រាប់សហរដ្ឋអាមេរិក”៕



