TIA ទទួលបានក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួន២ ដែលធ្វើការហោះហើរទៅកាន់ក្រុងធំៗលើពិភពលោក

អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ទទួលបានក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួន២ ក្នុងនោះក្រុមហ៊ុនចំនួនមួយបានបើកការ ហោះហើររួចរាល់ ខណៈមួយផ្សេងៗទៀត នឹងត្រៀមហោះហើរជើងទី១ មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោនាពេលខ្លីខាងមុខ ដោយក្រុមហ៊ុនទាំងពីរនេះ នឹងពង្រឹងការតភ្ជាប់រវាងរាជធានីភ្នំពេញ ទៅកាន់ទីក្រុងធំៗលើពិភពលោក។

លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) លើក ឡើងនៅក្នុងពិធីបើកសម្ពោធជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះថា គោលដៅ រួមរបស់ក្រុមហ៊ុន CAIC និងប្រតិបត្តិករអាកាសយានដ្ឋាន Société Concessionnaire de l’Aéroport (SCA) ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ VINCI Airports គឺធ្វើយ៉ាងណាបង្កើនចំនួនអ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ពី ៥,៣ លាន នាក់ ក្នុងឆ្នាំ២០២៥ ដល់ ១០ លាននាក់ នៅឆ្នាំ២០៣០, គោលដៅមួយនេះអាចសម្រេចទៅបាន តាមរយៈការបង្កើនសមត្ថភាពក្រុម ហ៊ុនអាកាសចរណ៍ និងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ថ្មីៗបន្ថែមទៀត ក្រោមការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង ទេសចរណ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA)។
លោកអ្នកឧកញ៉ាបណ្ឌិត បន្តឱ្យដឹងថា ជុំវិញការហោះហើរនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ បានស្វាគមន៍ក្រុមហ៊ុន អាកាសចរណ៍ថ្មីចំនួន២ គឺក្រុមហ៊ុន Etihad Airways ដែលបានហោះហើរជើងទី១ មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ កាលពី ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ និងក្រុមហ៊ុន Turkish Airline ដែលនឹងត្រៀមហោះហើរជើងទី១ មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។ ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរនេះ នឹងពង្រឹងការតភ្ជាប់រវាងរាជធានីភ្នំពេញ និងទីក្រុងធំៗ នៅមជ្ឈិមបូព៌ា អឺរ៉ុប និងអាហ្វ្រិក។ លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ហុងកុង Cathay Pacific ក៏បានជ្រើសរើស អាកាសយានដ្ឋាន អន្តរជាតិតេជោ ជាអាកាសយានដ្ឋានជំនួស សម្រាប់ចុះចតយន្តហោះចំនួន១៣ គ្រឿង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ អំឡុង ពេលមានខ្យល់ព្យុះ Ragasa នេះបានបង្ហាញពីការជឿជាក់ និងទំនុកចិត្តលើ TIA ដែលជាអាកាសយានដ្ឋានខ្នាតអន្តរជាតិ។
សូមបញ្ជាក់ថា, យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ, គិត ពីថ្ងៃដាក់ឱ្យដំណើរការ មកដល់ថ្ងៃនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលបានអ្នកដំណើរចេញ-ចូល (ទ្វេទិស) ជាមធ្យម ១៥ ម៉ឺននាក់ ក្នុងមួយថ្ងៃ និងជើងហោះហើរចេញ-ចូល (ទ្វេទិស) ជាមធ្យម ១៣០ ជើង ក្នុងមួយថ្ងៃ និង មានក្រុមហ៊ុនអាកាសចរណ៍ ហោះហើរចេញ-ចូល (ទ្វេទិស) ចំនួន ២៩ ក្រុមហ៊ុន (ក្រុមហ៊ុនអន្តរជាតិចំនួន ២៥ និងក្រុមហ៊ុនក្នុងស្រុកចំនួន៤) ។ តាមរយៈការ ហោះហើរនេះ ត្រូវរំពឹងថា កំណើនជើងហោះហើរ អ្នកដំណើរ និងក្រុមហ៊ុនអាកាសចរណ៍ នឹងមានការកើនឡើងជាលំដាប់នាពេល ខាងមុខ៕

You might also like