ខឹងជីតាស្តីបន្ទោសរឿងយកបារីគាត់ជក់ ទាញកាំបិតបុ័ងតោ កាប់ជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ងន់
ខេត្តកំពង់ស្ពឺ ÷ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ឈ្មោះ សុន ង៉ែត ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិព្រៃក្តី ឃុំរលាំងចក ស្រុកសំរោងទងខេត្តកំពង់ស្ពឺ បានមកដាក់ពាក្យបណ្តឹងទៅលើឈ្មោះ ផាន សុភ័ណ្ឌ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិព្រៃក្ដី ឃុំរលាំងចក ស្រុក សំរោងទង។
នៅក្នុងពាក្យបណ្ដឹងបានឲ្យដឹងថា ថ្ងៃទី២១ ខែតុលាឆ្នាំ២០២៥ វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈ្មោះសុន ង៉ែត កំពុងសម្រាកនៅក្រោមផ្ទះស្រាប់តែលឺសម្លេងឪពុក ឈ្មោះ ឈៀ ខេន អាយុ៨០ នៅខ្ទមជិតផ្ទះចម្ងាយប្រហែល៤ម៉ែត្រ បានស្រែកក៏បានចេញមកមើល ឃើញឈ្មោះ សុភ័ណ្ឌ កាន់កាំបិតបុ័ងតោ ហើយឪពុកមានរបួសប្រាប់ថា ឈ្មោះ សុភ័ណ្ឌ កាប់គាត់។បន្ទាប់មក ក្រុមគ្រួសារបានបញ្ជូនលោកតាទៅនៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
វេលាម៉ោង៩ព្រឹក ថ្ងៃខែឆ្នាំដដែលកម្លាំងជំនាញស្រុក សហការជាមួយប៉ុស្តិបានឃាត់ឈ្មោះ ផាន សុភ័ណ្ឌ មកសាកសួរ នៅប៉ុស្តិ៍រដ្ឋបាល។ ឈ្មោះផាន សុភ័ណ្ឌ បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតបុ័ងតោកាប់ជីតារបស់ខ្លួន ពិតប្រាកដមែន។
ជនសង្ស័យបានបញ្ជាក់ថាមូលហេតុខឹងជីតាស្តីបន្ទោសរឿងយកបារីគាត់ជក់។ សមត្ថកិច្ចបានដកហូតកាំបិតបុ័ងតោ១ដើម។
ករណីនេះ ជំនាញកំពុងសាកសួរកសាងសំណុំ រឿងតាមនីតិវិធី៕



