ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំបន្តពិភាក្សាលើខ្លឹមសារ និងបញ្ចប់ការប្រមូលធាតុចូលក្នុងការរៀបចំសៀវភៅទិដ្ឋភាពទូទៅ និងកំណត់ចំណាំអាងទឹកធំៗនៅប្រទេសកម្ពុជា
នៅសាលប្រជុំនៃទីស្តីក្រសួង នារសៀលថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំសម្របសម្រួលកិច្ចប្រជុំបន្តពិនិត្យ ពិភាក្សាពិគ្រោះយោបល់លើខ្លឹមសារ និងបញ្ចប់ការប្រមូលធាតុចូលក្នុងការរៀបចំសៀវភៅទិដ្ឋភាពទូទៅ និងកំណត់ចំណាំអាងទឹកធំៗនៅប្រទេសកម្ពុជា។
សូមជម្រាបថា កិច្ចប្រជុំនេះមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយក និងអគ្គនាយករងកិច្ចការបច្ចេកទេស អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល នាយកដ្ឋានជំនាញពាក់ព័ន្ធ មន្រ្តីជំនាញបច្ចេកទេស និងមន្ត្រីហាត់ការ នៃក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងនាយកដ្ឋានជំនាញពាក់ព័ន្ធ ដែលបានសហការជួយពិនិត្យ ពិភាក្សា ពិគ្រោះយោបល់លើខ្លឹមសារ និងផ្តល់ធាតុចូលសំខាន់ៗក្នុងការកែលម្អសៀវភៅខាងលើនេះ រហូតសម្រេចបាននូវវឌ្ឍនភាពជោគជ័យ ស្របតាមផែនការដែលបានគ្រោងទុក សម្រាប់គោរពរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី ដើម្បីទទួលបានអនុសាសន៍ណែនាំ និងសម្រេចដ៏ខ្ពង់ខ្ពស់ លើការបោះពុម្ពផ្សព្វផ្សាយជាសាធារណៈនាពេលខាងមុខ៕



