លោកTrump និយាយថាលោកមិនចង់បានជំនួបខ្ជះខ្ជាយពេលវេលាទេ បន្ទាប់ពីផែនការសម្រាប់កិច្ចពិភាក្សាជាមួយលោក Putin ត្រូវបានផ្អាក
លោក Donald Trump បាននិយាយថា លោកមិនចង់បានកិច្ចប្រជុំខ្ជះខ្ជាយពេលវេលាទេ បន្ទាប់ពីផែនការពិភាក្សាទល់មុខជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin អំពីសង្គ្រាមនៅអ៊ុយក្រែនត្រូវបានផ្អាក។
ប្រធានាធិបតីអាមេរិករូបនេះ បានបញ្ជាក់ថា ចំណុចខ្ទាស់ដ៏សំខាន់មួយនៅតែជាការបដិសេធរបស់ក្រុងមូស្គូក្នុងការបញ្ឈប់ការប្រយុទ្ធគ្នានៅតាមសមរភូមិជួរមុខបច្ចុប្បន្ន ក្នុងសុន្ទរកថានៅសេតវិមានកាលពីថ្ងៃអង្គារសប្ដាហ៍នេះ។
មុននេះ មន្ត្រីសេតវិមានបាននិយាយថា មិនមានផែនការសម្រាប់កិច្ចប្រជុំរវាងលោក TrumpនិងលោកPutin ក្នុងពេលដ៏ខ្លីខាងមុខនោះទេ បន្ទាប់ពីលោក Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាលោកទាំងពីរនឹងមានកិច្ចពិភាក្សានៅទីក្រុង Budapest ប្រទេសហុងគ្រី ក្នុងរយៈពេលពីរសប្តាហ៍ទៀត។
ការខ្វែងគំនិតគ្នាធំៗ រវាងសំណើរបស់សហរដ្ឋអាមេរិក និងរុស្ស៊ី សម្រាប់សន្តិភាពកាន់តែច្បាស់ឡើងក្នុងសប្តាហ៍នេះ ដែលហាក់ដូចជាបានកាត់បន្ថយឱកាសនៃកិច្ចប្រជុំកំពូលមួយ។
លោកTrump និងលោក Putin បានជួបគ្នាចុងក្រោយនៅរដ្ឋអាឡាស្កាក្នុងខែសីហា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលដែលបានរៀបចំយ៉ាងប្រញាប់ប្រញាល់ដោយមិនផ្តល់លទ្ធផលគាប់ចិត្តឡើយ។
ការសម្រេចចិត្តរបស់សេតវិមានក្នុងការផ្អាកផែនការសម្រាប់កិច្ចប្រជុំរវាងលោក Trump និងលោកPutin លើកទីពីរ អាចត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងដើម្បីជៀសវាងសេណារីយ៉ូ ឬចំហាក ស្រដៀងគ្នាផ្សេងទៀត៕



