រុស្ស៊ី វាយស្រោចមីស៊ីលលើរដ្ឋធានីអ៊ុយក្រែនទៀតហើយ ដោយបង្កការខូចខាតយ៉ាងទូលំទូលាយ
អភិបាលក្រុងគីវ លោក Vitali Klitschko បាននិយាយនៅថ្ងៃពុធ (២២ តុលា) នេះថា ការវាយប្រហារដោយមីស៊ីលកាលពីពេលយប់របស់រុស្ស៊ី បានបង្កឱ្យមានអគ្គិភ័យដ៏ធំ និងកម្ទេចកម្ទីមីស៊ីលធ្លាក់រាយប៉ាយនៅទូទាំងសង្កាត់នានាក្នុងរដ្ឋធានីអ៊ុយក្រែន ដោយបានដុតបំផ្លាញយានយន្ត និងបង្កការខូចខាតដល់អគារជាច្រើន។
លោក Klitschko បាននិយាយលើកម្មវិធីផ្ញើសារតេលេក្រាមថា សេវាសង្គ្រោះបន្ទាន់ត្រូវបញ្ជូនទៅកាន់ទីតាំងជាច្រើន ដែលកម្ទេចកម្ទីពីអាវុធអាកាសបានធ្លាក់រាយប៉ាយ ប៉ុន្តែមិនមានរបាយការណ៍ភ្លាមៗពីអ្នកស្លាប់នោះទេ។ សាក្សីរបស់សារព័ត៌មានរ៉យទ័រ បាននិយាយថា ពួកគេឮសំឡេងផ្ទុះដែលស្តាប់ទៅដូចជាអង្គភាពការពារដែនអាកាសអ៊ុយក្រែន កំពុងប្រតិបត្តិការបាញ់ទម្លាក់មីស៊ីលរុស្ស៊ី។
ទំហំនៃការវាយប្រហារ និងគោលដៅចម្បងរបស់រុស្ស៊ី នៅមិនទាន់ច្បាស់លាស់ភ្លាមៗទេ ប៉ុន្តែលោក Klitschko បាននិយាយថា ប្រតិបត្តិការដ៏ធំនេះត្រូវធ្វើឡើងដោយមីស៊ីលផ្លោង។ នៅតំបន់ជុំវិញក្រុងគីវ លំនៅឋានត្រូវឆាបឆេះដោយសារការវាយប្រហាររបស់រុស្ស៊ី ដែលនាំឱ្យមនុស្សមួយចំនួនរងរបួស នេះបើយោងតាមអភិបាលក្នុងតំបន់។
ជាមួយគ្នានេះ ការវាយប្រហារមួយកាលពីថ្ងៃអង្គារលើអ៊ុយក្រែន បានសម្លាប់មនុស្សមួយចំនួន និងធ្វើឱ្យមនុស្សរាប់សែននាក់គ្មានអគ្គិសនី និងទឹកប្រើប្រាស់ ក្នុងអ្វីដែលទីក្រុងគីវនិយាយថា គឺជារលកវាយប្រហារចុងក្រោយបង្អស់របស់ទីក្រុងមូស្គូ នៅក្នុងយុទ្ធនាការមួយដើម្បីបំផ្លាញប្រព័ន្ធថាមពលរបស់អ៊ុយក្រែន មុនពេលរដូវរងាដ៏កំណាចមកដល់៕



