ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា លី គឹមរ៉ុង

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា លី គឹមរ៉ុង ម្តាយបង្កើតឯកឧត្តម ដាវ អានសាន សមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកផ្នែកក្រសួង ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលបានទទួលអនិច្ចកម្ម នៅថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១:០៨នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយជរាពាធ។

ក្នុងនាមគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងភាពក្ដុកក្ដួលរំជួលចិត្តយ៉ាងខ្លាំង ជូនចំពោះឯកឧត្តម ដាវ អានសាន សមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកផ្នែកក្រសួង ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំងក្រុមគ្រួសារ អំពីការបាត់បង់ ឧបាសិកា លី គឹមរ៉ុង ដែលត្រូវជាម្តាយបង្កើត។

មរណភាពរបស់ ឧបាសិកា លី គឹមរ៉ុង គឺការបាត់បង់ម្តាយបង្កើត ម្តាយក្មេក ជីដូន ជីដូនទួត ជាទីគោរព ស្រឡាញ់បំផុត ដែលតែងតែផ្តល់នូវពន្លឺ គុណតម្លៃ និងសេចក្តីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ ព្រមទាំង បានខិតខំចិញ្ចឹមបីបាច់ថែរក្សា ផ្ដល់ការសិក្សា អប់រំ ទូន្មានបុត្រាបុត្រី និងចៅៗ រហូតក្លាយជាកុលបុត្រ កុលធីតា ដ៏ឆ្នើមរបស់សង្គមជាតិ និងបានបម្រើឧត្តមប្រយោជន៍ជាតិដ៏ធំធេង។ ទឹកចិត្តដ៏ថ្លៃថ្លា និងអនុស្សាវរីយ៍ ន ឧបាសិកា លី គឹមរ៉ុង គឺពិតជាស្ថិតនៅក្នុងការចងចាំរបស់កូនចៅទាំងអស់គា្នជានិច្ច។

ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តជាអនេកនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកមរណទុក្ខ ដ៏សែនក្រៀមក្រំយ៉ាងក្រៃលែង និងពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យបំផុត ជាមួយ ឯកឧត្តម ដាវ អានសាន និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដួងវិញ្ញាណក្ខន្ធ ឧបាសិកា លី គឹមរ៉ុង សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតក្លាយជាបការៈដទៃឡើយ៕

You might also like