ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជំនួបត្រីភាគីរវាង ឯកឧត្តម Mohamed Khaled Bin Nordin រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី និងឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ។

សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាប៖

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ កាលពីព្រឹកមិញនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជំនួបត្រីភាគីរវាង ឯកឧត្តម Mohamed Khaled Bin Nordin រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី និងឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ។

ភាគីទាំងបីបានឯកភាពគ្នាក្នុងការបន្តខិតខំថែរក្សាសន្ទុះនៃការស្វែងរកសន្តិភាពឡើងវិញរវាងប្រទេសកម្ពុជា និងថៃ តាមរយៈយន្តការសំខាន់ៗដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលព្រឹកមិញនេះ។ ភាគីកម្ពុជាក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងមានប្រសិទ្ធភាពរបស់ម៉ាឡេស៊ីក្នុងការជួយសម្របសម្រួលដល់ការចរចារវាងកម្ពុជា និងថៃកន្លងមក៕

ថ្ងៃព្រហស្បតិ៍ ២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ – ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

You might also like