ឃុំខ្លួនមេខ្លោងជនជាតិឥណ្ឌូណេស៊ី ៣នាក់ ក្រោយចាប់ខ្លួនពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញនៅខណ្ឌចំការមន ក្រោមរូបភាពការវិនិយោគ និងឆបោកស្នេហា
(ភ្នំពេញ)៖ លោក ធន់ ដារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន លើបុរសជនជាតិឥណ្ឌូណេស៊ីចំនួន៣នាក់ ក្រោយចាប់ខ្លួន ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ នៅខណ្ឌចំការមន។
ជនត្រូវចោទទាំង៣នាក់ រួមមាន៖
*ទី១៖ ឈ្មោះ KRISTOFORUS MUDA SOGE
*ទី២៖ ឈ្មោះ HERLAM
*ទី៣៖ ឈ្មោះ YOSSA FATHUR RIZIQ។
ជនត្រូវចោទទាំង០៣នាក់នេះ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ «ឆបោកមានស្ថានទម្ងន់ទោស» (ជាក្រុមមានការចាត់តាំង) បទល្មើសព្រហ្មទណ្ឌ ដែលបានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា៣៧៧, មាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា ជនត្រូវចោទទាំង៣នាក់នេះ ស្ថិតក្នុងចំណោមជនបរទេសចំនួន១៧នាក់ (ជនជាតិវៀតណាម១៤ នាក់, ស្រី០៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពេលចុះប្រតិបត្តិការត្រួតពិនិត្យ ទីតាំងសង្ស័យជាប់ពាក់ព័ន្ធនឹងការ ឆបោកអនឡាញ នៅទីតាំងសណ្ឋាគារ OCEAN HOTEL ផ្លូវលេខ០៩ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។
ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានដកហូតសម្ភាររួមមាន៖ កុំព្យូទ័រ (ALL in One) ចំនួន ១៣១ គ្រឿង, ម៉ូនីទ័រ ចំនួន ០១ គ្រឿង, ទូរស័ព្ទ ចំនួន ២១៥ គ្រឿង, laptop ចំនួន ០១ គ្រឿង។ ទីតាំងខាងលើត្រូវបាន ក្រុមឧក្រិដ្ឋជនប្រើប្រាស់សម្រាប់ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជាការវិនិយោគ និងឆបោកស្នេហា មានគោលដៅទៅប្រទេសផ្សេងៗ។
ចំពោះករណីខាងលើនេះ អាជ្ញាធរ និងសមត្ថកិច្ចជំនាញ បានសហការជាមួយភាគីពាក់ព័ន្ធ ក្នុងការបន្តស្រាវជ្រាវស៊ីឱ្យកាន់តែជម្រៅ ដោយផ្អែកលើវត្ថុតាង ដែលរឹបអូសបានពីទីតាំងប្រព្រឹត្តបទល្មើស ក្នុងគោលបំណងឈាន ទៅកំណត់មុខសញ្ញា និងវែកមុខបណ្តាញអង្គការចាត់តាំងនៅពីក្រោយសកម្មភាពល្មើសច្បាប់ទាំងនេះ ដើម្បីយក មេខ្លោងពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងដាច់ខាត។
ក្នុងក្របខណ្ឌ នៃការអនុវត្តយុទ្ធនាការបង្ក្រាបអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចបានចាត់វិធានការបញ្ជូនមុខសញ្ញាសង្ស័យជាមេខ្លោង និងបក្ខពួករបស់គេសរុប៨០នាក់ទៅតុលាការ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការ តាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះ មេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធ នឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕






