សម្ដេចតេជោ ណែនាំ ក្រុមអ្នកកាសែតថៃ គួរផ្ដោតយកចិត្តទុកដាក់សភាពការណ៍ផ្ទៃក្នុងថៃ ល្អជាង

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា នាល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នេះ បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ ថា ក្រោយពេលអានកាសែតថៃ The Nation ចុះផ្សាយពីកម្ពុជា សម្ដេច មានការចាំបាច់ធ្វើការណែនាំពួកគេឲ្យមានវិជ្ជាជីវៈក្នុងសរសេរ។ អ្វីដែលសម្ដេចគួរណែនាំទៅក្រុមកាសែតអស់លោកនោះគឺថា អស់លោកគួរផ្តោតការយកចិត្តទុកដាក់លើសភាពការណ៍ផ្ទៃក្នុងថៃល្អជាង មកគិតពីអនាគតនយោបាយផ្ទៃក្នុងកម្ពុជា។
សម្ដេចតេជោ លើកឡើងបន្ថែមថា៖ “ខ្ញុំកាន់អំណាចតាំងពីអ្នកកាសែតថៃខ្លះមិនទាន់ចាប់កំណើត ឬនៅដើរស្រាតនៅឡើយ។ ខ្ញុំស្គាល់នូវអ្វីដែលហៅថា នយោបាយផ្ទៃក្នុងកម្ពុជា ក្នុងពេលដែលអ្នកកាសែតថៃមួយចំនួនមិនទាំងស្គាល់សភាពការណ៍ថៃខ្លួនឯងផង មកខំសរសេរវាយតម្លៃសភាពការណ៍កម្ពុជា”។
សម្ដេចតេជោ ចង់ប្រាប់លោកអ្នកតាមដានឲ្យបានដិតដល់នូវអ្វីដែលនឹងកើតឡើងក្រោយរដ្ឋាភិបាលអាយុ៤ខែ? ក្រោយរំលាយសភា និងក្រោយការបោះឆ្នោតនាដើមឆ្នាំ២០២៦។ រឿងនៅកម្ពុជា ពួកយើងចេះចាត់ចែងកិច្ចការខ្លួនឯងហើយ មិនចាំបាច់សរសេរបង្វែរសាច់រឿងពីថៃ មកកម្ពុជាទេ។ (បើលេងកុំខឹង បើខឹងកុំលេង)៕

You might also like