អគារផ្សារទំនើប ហេង ឆៃលី ត្រូវបានភ្លើងឆាបឆេះរាលដាលដល់ផ្ទះពលរដ្ឋជាច្រើនខ្នង កណ្តាលក្រុងបាត់ដំបង
ខេត្តបាត់ដំបង៖ អគ្គីភ័យអូសបន្លាយច្រើនម៉ោងបានលេបត្របាក់តួផ្សារទំនើបហេងឆៃលី ស្ថិតនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង អស់ស្ទើរទាំងស្រុង ហើយអគារតួផ្សារមួយផ្នែកធំ បានបាក់រលំ អណ្តាតភ្លើងឆាបឆេះចាប់ពីម៉ោងជិត១១យប់ ថ្ងៃទី២៣ តុលា ឆ្នំា២០២៥ រហូតដល់រលងអធ្រាត្រចូលដល់ទៀបភ្លឺថ្ងៃទី២៤ តុលា២០២៥ ។
ប្រភពសមត្ថកិច្ចអោយដឹងថា អគារផ្សារបាក់រំលំ បង្កអោយពលរដ្ឋម្នាក់រងរបួស ត្រូវបញ្ជូនទៅសង្គ្រោះ ហើយផ្ទះប្រជាពលរដ្ឋច្រើនខ្នងជាប់ផ្សារត្រូវអណ្តាតភ្លើងឆាបឆេះរាលដាល ។ រថយន្តបង្ការពន្លត់អគ្គីភ័យស្នងការខេត្ត និងបណ្តាស្រុកជិតខាងជាច្រើនគ្រឿងត្រូវបានបញ្ជូនមកអន្តាគមន៍ពន្លត់អគ្គីភ័យនេះ។
ប្រភពព័ត៌មានបានបញ្ជាក់ថា អំឡុងពេលអគ្គីឍភ័យឆាបឆេះឃើញវត្តមាន ឯកឧត្តម សុខលូ អភិបាលខេត្តបាត់ដំបង ចុះមកទីតាំងកើតហេតុផ្ទាល់ ដើម្បីដឹកនាំកម្លាំងអន្តាគមន៍ រហូតដល់ម៉ោងបៀតភ្លឺ និងមានវត្តមានលោកអភិបាលរងខេត្ត អភិបាលក្រុង មេបញ្ជាការអាវុធហត្ថខេត្ត ស្នងការខេត្ត ថ្នាក់ដឹកនាំយោធា និងអាជ្ញាធរ កម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់ ដើម្បីជួយដល់ការពន្លត់ភ្លើង ការពារសន្តិសុខ និងសម្រួលចរាចរណ៍នៅទីនោះ។
ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា យើងទាន់ដឹងពីមូលហេតុនៃការឆាបឆេះនេះនៅឡើយទេ ហើយទំហំខូចខាត ក៏មិនទាន់ដឹងដែរ ដោយអាជ្ញាធរកំពុងស្រាវជ្រាវ និងបូកសរុបនៅឡើយ ៕






