ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះពិនិត្យសិក្សាទីតាំងសហគមន៍ ដើម្បីរៀបចំអនុវត្តកម្មវិធីគម្រោងអន្តរាគមន៍ត្រីវិស័យ ឆ្នាំ២០២៦

នៅថ្ងៃចន្ទ-ព្រហស្បតិ៍ ១៣រោច-២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០-២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ និងជាសហប្រធានក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយឯកឧត្តមរដ្ឋលេខាធិការសហប្រធានមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះពិនិត្យសិក្សាទីតាំងសហគមន៍មួយចំនួននៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការសហប្រធាន និងក្រុមការងារត្រីវិស័យ បានអញ្ជើញចុះពិនិត្យទីតាំងសហគមន៍ចំនួន ៧ ដែលរួមមាន៖ ទី១)សហគមន៍កសិកម្មទំនើប បន្លែសុវត្ថិភាពកោះខ្សាច់ទន្លា ខេត្តកណ្តាល ទី២)សហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង ខេត្តកំពង់ធំ ទី៣)សហគមន៍កសិកម្មទំនើប អភិវឌ្ឍន៍ស្រូវ ខេត្តកំពង់ធំ ទី៤)សហគមន៍កសិកម្មទំនើប ប្រាសាទសំបូររុងរឿង ខេត្តកំពង់ធំ ទី៥)សហគមន៍កម្មវិធីទំនើប ស្វាយចន្ទីភ្នំគូលែន ខេត្ដសៀមរាប ទី៦)សហគមន៍កម្មវិធីទំនើប ដំណាំស្រូវព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និង ទី៧)សហគមន៍កម្មវិធីទំនើប ស្រូវអង្ករសុវត្ថិភាពឯកភ្នំ ខេត្តបាត់ដំបង
ឯកឧត្តម អាន ពេជ្រហត្ថដា បានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃការចុះសិក្សាពិនិត្យទីតាំង គឺដើម្បីប្រមូលព័ត៌មានបន្ថែម និងស្វែងយល់ពីគំនិតយោបល់របស់ប្រជាសហគមន៍ សម្រាប់ជាមូលដ្ឋានធ្វើការកំណត់យកទីតាំងសហគមន៍ ដើម្បីស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំអន្តរក្រសួង ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៥ ពិនិត្យសម្រេចចិត្តរួម និងឯកភាពគ្នាកំណត់យកទីតាំងដែលមានសក្តានុពល ក៏ដូចជាធ្វើការ កំណត់យកជាសហគមន៍សម្រាប់ការរៀបចំអនុវត្តកម្មវិធីគម្រោងអន្តរាគមន៍ត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ក្នុងឆ្នាំ២០២៦។
សូមបញ្ជាក់ថា ក្រុមការងារត្រី-វិស័យ គឺជាសេនាធិការឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការជំរុញការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ៕

You might also like