សមត្ថកិច្ចម្នាក់បាត់បង់ជីវិត និងម្នាក់ទៀតរបួសធ្ងន់ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន

ក្រុងស្ទឹងសែន៖ យ៉ាងហោចណាស់ មន្ត្រីនគរបាលម្នាក់បានបាត់បង់ជីវិត ខណៈម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់ បន្ទាប់ពីត្រូវខ្មាន់កាំភ្លើងបាញ់ស្រោចកំលុងពេលបង្ក្រាបករណីជួញដូរថ្នាំញៀននៅចំណុចភូមិបែកចាន ឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ កាលពីថ្ងៃទី២៣តុលា ឆ្នាំ២០២៥…។

យោងតាមមន្រ្តីនគរបាលជំនាញ បានបង្ហើបប្រាប់សារព័ត៌មានថា សមត្ថកិច្ចបានពលីជីវិតមានឈ្មោះ ហួន សាវ័យ និងទី២ឈ្មោះ ទឹម ចាន់នី របួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ បន្ទាប់ពីមានការប៉ះទង្គិចគ្នាមួយប្រាវកំឡុងពេលចុះប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរថ្នាំញៀន ហើយត្រូវជនសង្ស័យទាញកាំភ្លើង AK បាញ់រះចេញពីខាងក្នុងផ្ទះមកលើកងកម្លាំងនគរបាលទាំងកំរោលតែម្ដង។ ទោះយ៉ាងណា បន្ទាប់ពីកើតហេតុរួច ខ្មាន់កាំភ្លើងដែលជាជនសង្ស័យចំនួន២នាក់ បានជិះម៉ូតូរត់គេចខ្លួនឆ្ពោះទៅកាន់ខេត្តកំពង់ចាម ព្រមទាំងយកអាវុធខ្លីរបស់សមត្ថកិច្ចមួយដើមភ្ជាប់ទៅជាមួយផងដែរ។

ជុំវិញករណីនេះ សារព័ត៌មានបានព្យាយាមសុំការបំភ្លឺបន្ថែមពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី២៤តុលានេះដែរ ដោយលោកបានបញ្ជាក់យ៉ាងខ្លីថា ពិតជាមានករណីនេះកើតឡើងប្រាកដមែន ហើយបច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងតាមប្រមាញ់ ចំពោះព័ត៌មានលម្អិតយ៉ាងណានោះ លោកនឹងជម្រាបជូននៅពេលក្រោយ ខណៈពេលនេះលោកកំពុងជាប់ប្រជុំជាមួយថ្នាក់ដឹកនាំ៕

You might also like