លោកដូណាល់ ត្រាំ ប្រកាសលើកលែងទោសដល់ស្ថាបនិក Binance លោក «CZ» បន្ទាប់ពីកាត់ទោសឲ្យជាប់ពន្ធនាគារ
(បរទេស)៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានចេញលិខិតលើកលែងទោសដល់លោក Changpeng Zhao ឬគេតែងហៅថា «CZ» ដែលជាស្ថាបនិកនិងអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុន Binance ដែលជាទីផ្សារគ្រីបតូលំដាប់លេខ១ នៅលើពិភពលោក។
យោងតាមសេចក្តីថ្លែងការណ៍ពីសេតវិមាន បានឲ្យដឹងថា ការលើកលែងទោសនេះ គឺជាជំហានមួយក្នុងការកែសម្រួលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះឧស្សាហកម្មប្រាក់ឌីជីថល ដោយបញ្ចប់អ្វីដែលត្រូវបានហៅថា «សង្គ្រាមប្រឆាំងនឹងគ្រីបតូ» នៅអំឡុងរដ្ឋាភិបាលមុន។ ការលើកលែងទោសនេះ គឺនឹងបំបាត់ប្រវត្តិទោសឧក្រិដ្ឋកម្មរបស់លោក Zhao ព្រមទាំងស្ដារសិទ្ធិស៊ីវិលរបស់លោកឡើងវិញផងដែរ។ វាត្រូវបានគេចាត់ទុកថា ជាសញ្ញានៃការផ្លាស់ប្តូរពីការគ្រប់គ្រងតឹងរឹងរបស់រដ្ឋាភិបាលមុន ទៅជាចំណង់ចំណូលចិត្តបន្ថែមចំពោះឧស្សាហកម្មគ្រីបតូ។ ទោះយ៉ាងណា គេមានការព្រួយបារម្ភពី ភាពជាប់ពាក់ព័ន្ធនយោបាយ និង ផលប្រយោជន៍ស្របច្បាប់ ពីព្រោះមានរបាយការណ៍ថា Binance មានទំនាក់ទំនងអាជីវកម្មជាមួយគម្រោងគ្រីបតូដែលទាក់ទងនឹងគ្រួសារ Trump។
បើនិយាយពីប្រវត្តទោសរបស់លោក CZ គឺត្រូវបានគេដឹងថា នៅខែវិច្ឆិកា ឆ្នាំ២០២៣ លោកបានទទួលស្គាល់កំហុសលើការបំពានច្បាប់ «Bank Secrecy Act» ពោលគឺរដ្ឋាភិបាលអាមេរិករកឃើញពីអំពើលាងលុយកខ្វក់របស់លោក នឹងត្រូវបានរឹបអូសទ្រព្យសម្បត្តិក្រុមហ៊ុនខ្ទង់ ៤.៣ពាន់លានដុល្លារឯណោះ។ នៅខែមេសា ឆ្នាំ២០២៤ តុលាការអាមេរិកបានផ្ដន្ទាទោសឲ្យលោកជាប់ពន្ធនាគារ ៤ខែ ហើយបានបញ្ជាឲ្យចុះពីតំណែងជា CEO នៃ Binance ដូចដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងជាមួយក្រសួងយុត្តិធម៌ (DOJ)។
គួរចម្រាបថា លោក CZ កើតនៅប្រទេសចិន ធំធាត់ឡើងនៅប្រទេសកាណាដា និងបានបង្កើត Binance នៅឆ្នាំ២០១៧។ Binance ក្លាយជាវេទិកាផ្លាស់ប្តូរប្រាក់ឌីជីថលធំបំផុតលើពិភពលោកត្រឹមរយៈពេលប៉ុន្មានឆ្នាំប៉ុណ្ណោះ។ ការកាត់ទោសរបស់លោកមិនមែនពាក់ព័ន្ធនឹងការលួចប្រាក់របស់អតិថិជនទេ ប៉ុន្តែពាក់ព័ន្ធនឹងការអនុវត្តបញ្ចូលប្រាក់ខុសច្បាប់ដោយមិនគ្រប់លក្ខណៈតាមច្បាប់អាមេរិក៕



