ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានភាពទឹក នៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តក្រចេះ
នៅថ្ងៃព្រហស្បតិ៍ ២កើត ខែកត្កិក ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវ និងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ ចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រស្រុកចិត្របុរី ខេត្តក្រចេះ។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារ បានចុះពិនិត្យស្ថានភាពទឹកនៅទីតាំងចំនួនពីរគឺ៖ ទី១)ប្រព័ន្ធធារាសាស្រ្តទំនប់អូរដារ ស្ថិតក្នុងឃុំដារ ស្រុកចិត្របុរី ស្ថានភាពទឹកពេញអាង១០០% សម្រាប់បម្រើការស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ២០៧ហិកតា និងស្រូវប្រាំងចំនួន ២០ហិកតា និងទី២)ប្រព័ន្ធធារាសាស្រ្តទំនប់សេដា ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី សម្រាប់បម្រើការស្រោចស្រពលើផ្ទៃដីស្រូវវស្សា ២០០ហិកតា និងស្រូវប្រាំង ៣៥០ហិកតា។
ក្នុងថ្ងៃដដែល ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានចុះពិនិត្យទីតាំងជម្រកម៉ាស៊ីនបូមទឹក ស្ថិតនៅឃុំព្រែកសាម៉ាន់ ក្នុងស្រុកឆ្លូង សម្រាប់ត្រៀមអន្តរាគមន៍បូមទឹកជូនប្រជាពលរដ្ឋនារដូវប្រាំងពេលខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់ក្រុមការងារ និងមន្ទីរឱ្យបន្តធ្វើការផ្សព្វផ្សាយលើផែនការដាំដុះទៅតាមបរិមាណទឹកដែលមានជាក់ស្តែង ជៀសវាងមិនមានទឹកគ្រប់គ្រាន់សម្រាប់បង្កបង្កើនផល។ លើសពីនេះ ត្រូវមានវិធានការអន្តរាគមន៍ឱ្យបានទាន់ពេលវេលាក្នុងករណីខ្វះខាតទឹកស្រោចស្រព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕



