ឯកឧត្តម ហ៊ុន ម៉ានី ៖ ការប្រឡងជ្រើសរើសគ្រូបង្រៀនចំនួន ៣២១២នាក់ ពេលនេះនឹងចូលរួមដោះស្រាយបញ្ហាកង្វះគ្រូបង្រៀន និងពង្រឹងគុណភាពអប់រំនៅតាមមូលដ្ឋាន
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថាការជ្រើសរើសគ្រូបង្រៀន (ផ្អែកលើកិច្ចព្រមព្រៀងការងារ) ចំនួន៣២១២ នាក់ ជូនមូលដ្ឋានខេត្តចំនួន៥នាថ្ងៃទី២៥ ខែតុលានេះនឹងចូលរួមដោះស្រាយបញ្ហានៃការខ្វះគ្រូបង្រៀន ក៏ដូចជាបានរួមចំណែកក្នុងការពង្រឹងគុណភាពអប់រំនៅតាមមូលដ្ឋាន ។
ឯកឧត្តម បានថ្លែងថា នៅថ្ងៃនេះ ចាប់តាំងពីព្រហាមស្រាងៗ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រី រៀបចំការប្រឡងជូនបេក្ខជនដែលមានបំណងក្លាយជាគ្រូបង្រៀនបឋមសិក្សាចំនួនជាង៨ពាក់នាក់ នៅមណ្ឌលប្រឡងចំនួន៣កន្លែងផ្សេងគ្នា។
ឯកឧត្តម បញ្ជាក់ថា ការជ្រើសរើសគ្រូបង្រៀន (ផ្អែកលើកិច្ចព្រមព្រៀងការងារ) ចំនួន៣២១២ នាក់ ជូនមូលដ្ឋានខេត្តចំនួន៥នាពេលនេះ នឹងចូលរួមដោះស្រាយបញ្ហានៃការខ្វះគ្រូបង្រៀន ក៏ដូចជាបានរួមចំណែកក្នុងការពង្រឹងគុណភាពអប់រំនៅតាមមូលដ្ឋានទាំងនោះបានមួយកម្រិតទៀត។
ឯកឧត្តមបានបន្តថា ការណ៍នេះ នឹងផ្តល់នូវអត្ថប្រយោជន៍កាន់តែប្រសើរបន្ថែមទៀតជូនដល់សិស្សានុសិស្ស អាណាព្យាបាល ព្រមទាំងលោកគ្រូ អ្នកគ្រូ នៅតាមសហគមន៍ទាំងនោះផងដែរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានជូនពរបេក្ខជនទាំងអស់ទទួលបានជោគជ័យ ហើយសម្រេចបានលទ្ធផលតាមក្តីប្រាថ្នារបស់ខ្លួន។
ឯកឧត្តមបន្តថា គណៈកម្មការរៀបចំការប្រឡងប្រជែងគ្រប់ៗរូប ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល តែងតែខិតខំប្រឹងប្រែងផ្តល់ឱកាសស្មើគ្នា និងឱកាសច្រើនដងជូនបេក្ខជនទាំងអស់បានប្រឡងប្រជែងគ្នាផ្អែកលើសមត្ថភាពរៀងៗខ្លួន ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕






