មនុស្ស ២នាក់ស្លាប់ ១៣នាក់របួស នៅក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៉ីលេីទីក្រុងកៀវ ប្រទេសអ៊ុយក្រែន

(កៀវ)៖ នៅថ្ងៃសៅរ៍ ទី២៥ ខែតុលានេះ អ៊ុយក្រែនបានឱ្យដឹងថា មនុស្សពីរនាក់បានស្លាប់ និង ១៣នាក់រងរបួសនៅទីក្រុងកៀវ បន្ទាប់ពីមីស៉ីល និងយន្តហោះដ្រូនរបស់រុស្ស៉ី វាយប្រហារទីតាំងនានាក្នុងប្រទេសពេញមួយយប់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពល។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោកស្រី Yulia Svyrydenko គូសបញ្ជាក់ថា «ការវាយប្រហារ ម្តងហេីយម្តងទៀត កំណត់គោលដៅលេីជនស៉ីវិល និងហេដ្ឋារចានសម្ព័ន្ធថាមពលរបស់យេីង។ រុស្ស៉ីឥឡូវប៉ុនប៉ងបង្កេីតមហន្តរាយមនុស្សធម៌ក្នុងប្រទេសអ៊ុយក្រែន ឱ្យចំរដូវងារ»។ តាមរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha មីស៉ីល និងដ្រូនរុស្ស៊ីក៏បានកំណត់គោលដៅលើបណ្តាញថាមពល ផ្លូវដែក និងផ្ទះនៅតំបន់ Dnipro, Kharkiv និង Sumy ផងដែរ។
ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា ការវាយប្រហារពេញមួយយប់គឺសំដៅទៅលើសហគ្រាសបម្រេីឱ្យឧស្សាហកម្មយោធា និងហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ដែលគាំទ្រដល់ប្រតិបត្តិការរបស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយទៀត ក្រសួងការពារជាតិរុស្ស៉ីថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនចំនួន ១២១គ្រឿងពេញមួយយប់ រួមទាំង ៧គ្រឿងដែលហោះសំដៅមកទីក្រុងមូស្គូ៕

You might also like