ប្រុងប្រយ័ត្នធ្វើចរាចរណ៍ឱកាសបុណ្យអុំទូក ខណៈ ១១ថ្ងៃ ចុងខែតុលា មានគ្រោះថ្នាក់ ៧៣ករណី ស្លាប់ ៥១នាក់

ភ្នំពេញ ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា រយៈពេល ១១ថ្ងៃ គិតចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បន្តកើតឡើងចំនួន ៧៣ករណី បណ្តាលឱ្យមានមនុស្សស្លាប់ ៥១នាក់ និងរងរបួសធ្ងន់ស្រាល ៨៨នាក់។

លោក ទូច សុឃៈ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនោះ កើតមានជាអាទិ៍ នៅថ្ងៃទី២១តុលា មាន៨ករណី ស្លាប់៩នាក់ របួស១៣នាក់, ថ្ងៃទី២២ មាន៣ករណី ស្លាប់២នាក់ របួស៧នាក់, ថ្ងៃទី២៣ មាន៦ករណី ស្លាប់៥នាក់ របួស៥នាក់, ថ្ងៃទី២៤ មាន៩ករណី ស្លាប់៦នាក់ របួស៨នាក់, ថ្ងៃទី២៥ មាន៧ករណី ស្លាប់៦នាក់ របួស៩នាក់, ថ្ងៃទី២៦ មាន៧ករណី ស្លាប់៤នាក់ របួស១១នាក់, ថ្ងៃទី២៧ មាន៥ករណី ស្លាប់៣នាក់ របួស៧នាក់, ថ្ងៃទី២៨ មាន៥ករណី ស្លាប់៤នាក់ របួស៣នាក់, ថ្ងៃទី២៩ មាន១០ករណី ស្លាប់៣នាក់ របួស១២នាក់, ថ្ងៃទី៣០ មាន៧ករណី ស្លាប់៤នាក់ របួស៦នាក់ និងថ្ងៃទី៣១ មាន៦ករណី ស្លាប់៥នាក់ របួស៧នាក់។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្ថែមទៀតថា គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងទាំងនោះ មាននៅតាមមូលដ្ឋានរួមមាន រាជធានីភ្នំពេញ ខេត្តកំពត កែប កំពង់ចាម កំពង់ឆ្នាំង ស្វាយរៀង សៀមរាប កណ្តាល កំពង់ស្ពឺ ព្រះសីហនុ តាកែវ ព្រៃវែង កំពង់ធំ ព្រះវិហារ បន្ទាយមានជ័យ កោះកុង មណ្ឌលគិរី កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង ក្រចេះ ស្ទឹងត្រែង ឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ។
គួរកត់សម្គាល់ថា នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្ដីអំពាវនាវ ស្ដីពីការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅនៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា។ គណៈកម្មាធិការ បានអំពាវនាវអ្នកប្រើប្រាស់ផ្លូវទាំងអស់ ខិតខំយកចិត្តទុកដាក់បង្កើនស្មារតីចូលរួមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងបើកបរយានយន្តតាមវិធានការទាំង១០ចំណុច រួមមាន ១. មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។ ២. មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀនជាដាច់ខាត។ ៣. មិនត្រូវបត់ ឬ វ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរសព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។ ៤. មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត។ ៥. មិនត្រូវផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវ ផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។ ៦. ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។ ៧. ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ។ ៨. ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត។ ៩. ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាចាំបាច់ ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្រ្វាំង ភ្លើងបំភ្លឺ។ល។ មុនចេញដំណើរ និង១០. ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌ និងការយោគយល់អធ្យាស្រ័យ។
ភ្ជាប់នឹងសារអំពាវនាវខាងលើ លោក ទូច សុឃៈ បានក្រើនរំលឹកទទូចទៅកាន់អ្នកបញ្ជាយានយន្ត និងអ្នកដំណើរលើដងផ្លូវទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ និងមានស្មារតីបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលា ដ្បិតសកម្មភាពចរាចរណ៍លើដងផ្លូវ នឹងមានភាពមមាញឹកខ្លាំង ងាយប្រឈមនឹងគ្រោះថ្នាក់ មិនថាលើផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខេត្ត និងសូម្បីតែផ្លូវតាមសហគមន៍ភូមិ ឃុំ ខណៈបច្ចុប្បន្ន មានផ្លូវកៅស៊ូ បេតុង និងគ្រួសក្រហមកាន់តែច្រើន៕

You might also like