ឧត្តមសេនីយ៍ត្រី សុខ ធា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៥
ភ្នំពេញ÷នារសៀលថ្ងៃសុក្រ ២រោច ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោក លោកស្រី នាយរងប៉ុស្តិ៍ លោកនាយផ្នែក និងមន្ត្រីពាក់ព័ន្ធ។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍ បានអញ្ជើញប្រគល់បណ្ណសរសើរចំនួន ១៣បណ្ណ និងលិខិតសរសើរចំនួន៣ ជូនដល់កម្លាំងប៉ុស្តិ៍ ដែលមានស្នាដៃក្នុងការបំពេញភារកិច្ចកន្លងមក។
បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី ថោង សុផាត ប្រធានសេនាធិការអានរបាយការណ៍ស្តីអំពីវឌ្ឍនភាពការងារខែតុលា ដែលមន្ត្រីប៉ុស្តិ៍ បានបំពេញជូនអង្គប្រជុំជ្រាប។
លោកឧត្តមសេនីយ៍ត្រី សុខ ធា បានថ្លែងអំណរគុណដល់កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានយកចិត្តទុកដាក់ខ្ពស់ និងខិតខំបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព និងចូលរួមសហការ ការពារសន្តិសុខ សុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងភ្ញៀវជាតិ អន្តរជាតិ ដែលបានធ្វើដំណើរចេញចូលតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។
លោកឧត្តមសេនីយ៍ត្រី សុខ ធា មានប្រសាសន៍ថា យោងតាមប្រសាសន៍ប្រមុខក្រសួងមហាផ្ទៃ និងឯកឧត្តម អគ្គនាយក កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវលើកកម្ពស់ការងារជំនាញចូលរួមទប់ស្កាត់បទល្មើសនានា រួមមាន លិខិតឆ្លងដែនមិនប្រក្រតី ការរត់ពន្ធមនុស្ស និងករណីជួញដូរគ្រឿងញៀនជាដើម។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី សុខ ធា បានណែនាំអោយមន្ត្រីជំនាញបន្តខិតខំបន្ថែមទៀតក្នុងការត្រួតពិនិត្យ និងសិក្សាលើប្រព័ន្ធបច្ចេកវិទ្យាទំនើប (Smart gate) ជាប្រព័ន្ធបច្ចេកវិទ្យាថ្មីដែលអាចទទួលយកភ្ញៀវបរទេសចូលព្រះរាជាណាចក្រកម្ពុជាមានចំនួន ១៨ប្រទេស គិតទាំងកម្ពុជា។
លោកឧត្តមសេនីយ៍ត្រី នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានបន្តដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ចំពោះមន្ត្រីនគរបាលប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ហាមដាច់ខាតមិនទទួលយកលុយធីបពីភ្ញៀវឡើយ ព្រោះជាកត្តាដែលនាំអោយអាប់ឱនកិត្តិយសប្រទេសជាតិ និងប៉ះពាល់ដល់វិន័យកងកម្លាំងនគរបាលជាតិ។
លោកឧត្តមសេនីយ៍ត្រី សុខ ធា មានប្រសាសន៍បន្តថា ការផ្តល់បណ្ណសរសើរ និងលិខិតសរសើរនាពេលនេះ ជាការលើកទឹកចិត្ត និងលើកសរសើរដល់កងកម្លាំងដែលខិតខំបំពេញការងារ។ ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រី សុខ ធា មានប្រសាសន៍បន្ថែមថា មន្ត្រីដែលមិនបានទទួលលិខិតសរសើរនាពេលនេះ សូមមេត្តាកុំមានចិត្តថ្នើងថ្នាក់ ឬអាក់អន់ចិត្តអោយសោះ លោកស្នើអោយខិតខំបំពេញភារកិច្ច និងកសាងស្នាដៃបន្ថែមទៀត លោកនឹងស្នើសុំទៅប្រមុខក្រសួងមហាផ្ទៃ និងឯកឧត្តមអគ្គនាយកដើម្បីបន្តផ្តល់លិខិតសរសើរបន្ថែមទៀតជូនមន្ត្រីដែលខិតខំបំពេញការងារបានល្អប្រសើរជូនអង្គភាព។
លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ក៏បានណែនាំបន្ថែមដល់ កម្លាំងនគរបាលយើងត្រូវមានឥរិយាបថសមរម្យ ពង្រឹងវិន័យកងកម្លាំង គ្រប់គ្រងកម្លាំង សាមគ្គីផ្ទៃក្នុង និងវេនការងារឲ្យបានល្អ សម្រាប់ធ្វើរបាយការណ៍ប្រចាំថ្ងៃ សប្តាហ៍ ខែ ឆ្នាំឲ្យទាន់ពេលវេលា។ ក្នុងកិច្ចប្រជុំនោះដែរលោកឧត្តមសេនីយ៍ត្រី នាយប៉ុស្តិ៍ បានណែនាំដល់មន្ត្រីទាំងអស់ត្រូវចៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ៕



