ខេត្តកំពត នឹងមានស្ពានថ្មីមួយទៀតឆ្លងកាត់ព្រែកកំពង់បាយ ប្រវែងជិត ៤០០ម៉ែត្រ ស្ថិតនៅឆ្នេរកោះស្មៅ ឆ្ពោះទៅកាន់សង្កាត់ត្រើយកោះ ក្រុងកំពត
(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញចូលរួមបើកការដ្ឋានសាងសង់ផ្លូវ និងស្ពានក្រវ៉ាត់ក្រុងកំពត ដែលបានរៀបចំធ្វើឡើង នៅឆ្នេរកោះស្មៅ ស្ថិតក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោក ម៉ៅ ធនិន បានបញ្ជាក់ថា ការសម្រេចសាងសង់ផ្លូវ និងស្ពានក្រវ៉ាត់ក្រុងកំពត ប្រវែងជិត ១០គីឡូម៉ែត្រ ដោយកាត់តាមឆ្នេរកោះស្មៅឆ្លងព្រែកកំពង់ បាយឆ្ពោះទៅកាន់សង្កាត់ ត្រើយកោះ ក្នុងបំណងដើម្បីបម្រើដល់ពហុវិស័យ ពិសេសដើម្បីលើកកម្ពស់វិស័យទេសចរណ៍ខេត្ត ព្រោះស្ពាននេះ ហោះរំលងផ្លូវ និងដងព្រែក ប្រវែងជិត ៤០០ម៉ែត្រ ហើយក៏មានវេរ៉ងដា និងបំពាក់កង្ហារយក្សមួយ សម្រាប់ឱ្យភ្ញៀវថតរូបអនុស្សាវរីយ៍ផងដែរ។
លោកអភិបាលខេត្ត បន្តថា ផ្លូវ និងស្ពានក្រវ៉ាត់ក្រុង ដែលមានប្រវែងជិត១០គីឡូម៉ែត្រនេះ គឹជាអំណោយ និងកេរ្តិ៍តំណែលជាអមតៈ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់ផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងខេត្តកំពត។
ក្រោយពេលសង់រួចផ្លូវ ដោយឡែកស្ពាន ដែលអាចធ្វើដំណើរ ឆ្លងកាត់ទាំងខាងក្រោម និងខាងលើ ហើយនិងបញ្ជៀសការកកស្ទះចរាចរណ៍នៅពេលមានបុណទានម្តងៗ រួមនឹងការបម្រើដល់ពហុវិស័យ ពិសេសវិស័យទេសចរណ៍។
បើតាមលោកអភិបាលខេត្ត, ស្ពាននេះមានប្រវែង៣៦៨ម៉ែត្រ ទទឹង១៨ម៉ែត្រ ដោយសាងសង់រំលងផ្លូវ និងឆ្នេរកោះស្មៅ រួមជាមួយនឹងវេរ៉ងដាសងខាងស្ពាននៅចំកណ្តាល ដែលអាចឱ្យភ្ញៀវទេសចរ អាចមើលទៅខាងកើតឃើញលំហសមុទ្រ និងខេត្តកែប មើលទៅទិសខាងលិចមើលឃើញទេសភាពភ្នំបូកគោ។
ជាមួយគ្នានេះ ស្ពាននេះក៏មានបំពាក់នូវកង្ហារយក ដើម្បីទាញយកថាមពលអគ្គិសនី ដើម្បីបំភ្លឺស្ពាន និងតាមដងផ្លូវថ្មីនេះផងដែរ។ ហើយក្រោយស្ពាននេះ សាងសង់រួចក្នុងរយៈពេល ១២ខែ ខេត្តកំពតនឹងអាចទាក់ទាញភ្ញៀវទេសចរ ឱ្យមកកម្សាន្តកាន់តែច្រើនបន្ថែមទៀត ហើយស្ពាននេះ ក៏អាចលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាក្នុងសង្កាត់ត្រើយកោះ ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
បើតាមការបញ្ជាក់ របស់លោកអភិបាលខេត្ត គម្រោងស្ថាបនាផ្លូវ និងស្ពានក្រវ៉ាត់ក្រុងនេះ នឹងប្រើប្រាស់រយៈពេលសាងសង់ត្រឹមតែ១២ខែប៉ុណ្ណោះ ហើយជាការរំពឹងថា ការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ និងស្ពាននេះ នៅទីតាំងដដែល និងថ្ងៃខែដដែល នៅឆ្នាំ២០២៦៕



