មន្រ្តីឧទ្យនុរក្សនៅក្នុងខេត្កមណ្ឌលគីរី ក៏ដូចជាមន្រ្តីឧទ្យានុរក្សនៅតាមតំបន់ការពារធម្មជាតិនៅទូទាំងប្រទេសកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ មន្រ្តីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកែវសីមា បានធ្វើការរៀបចំទុកដាក់កូនឈើ ដើម្បីមើលថែទាំ និងស្រោចទឹក នៅស្នាក់ការកណ្តាលនៃតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ក្រុមមន្រ្តី បានសហការជាមួយកម្លាំងលេខាធិការដ្ឋានគណ:បញ្ជាការឯកភាពស្រុកកែវសីមា ចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ត្រង់ចំណុចកែងផ្ទះក្រហមផ្លូវងាំយូលិត និងផ្លូវទៅច្រកឡាប៉ាខេ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ រហូតដល់ចំណុចភ្នំក្រង់យ៉ង ស្ថិតនៅភូមិស្រែអណ្ដោល ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រុមល្បាតបានធ្វើការចាប់ឃាត់ និងដកហូតឈើអារប្រភេទលេខ២(ឃ្លុង) ចំនួន៤០សន្លឹក ស្មើនិង១,៨០ម៉ែត្រត្រីគុណ។ វត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការរងហ៊ូត។
នៅក្នុងថ្ងៃដដែល ក្រុមមន្រ្តីឧទ្យានុរក្ស បានធ្វើការចុះអង្កេតលើដី ជាប់ពាក្យបណ្តឹង ចំណុចអូរតេចំនួន២ទីតាំង នៅដែនជម្រកសត្វព្រៃកែវសីមា និងចុះស្រាវជ្រាវសាវតាជាតិ របស់អញ្ញាតជនក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ២៥៣ ចុះថ្ងៃទី០៩ខែតុលា ឆ្នាំ២០២៥ ករណី ប្រមូលធ្វើសន្និធិ ឫប្រមូលសន្និធិផល និងអនុផលធនធានធម្មជាតិ ដោយគ្មានការអនុញ្ញាត។ ក្នុងពេលល្បាតត្រង់ចំណុចវាលព្រីង ស្ថិតនៅភូមិរណែង ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រុមការងារបានឃើញដានជ្រូកព្រៃប្រហែល(១៦ក្បាល) និងដោះអន្ទាក់ខ្សែកាបតូច ចំនួន ៤ខ្សែរ។
ដោយឡែក មន្រ្តីឧទ្យានុរក្សនៃការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ ខេត្តមណ្ឌលគិរី បានចុះស្រាវជ្រាវសាវតាជាតិ របស់អញ្ញាតជនក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ២៥៣ចុះថ្ងៃទី០៩ខែតុលា ឆ្នាំ២០២៥ ករណី ប្រមូលធ្វើសន្និធិ ឫប្រមូលសន្និធិផលនិងអនុផលធនធានធម្មជាតិដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្ដនៅថ្ងៃទី០៧ខែ មេសា ឆ្នាំ២០២៥។
នៅជាមួយគ្នានេះ មន្រ្តីឧទ្យានុរក្សនៅដែនជម្រកសត្វព្រៃភ្នំព្រេច បានចុះល្បាតនៅក្នុងតំបន់ការពារធម្មជាតិ និងបានឃើញសត្វស្វាកន្ទុយស ១២ ក្បាល ឃើញដានសត្វន្សោងចំនួន១១ក្បាល ដានសត្វដំរីចំនួន៧ក្បាល និងដានជ្រូកព្រៃចំនួន១០ ក្បាល នៅដែនជម្រកសត្វព្រៃភ្នំព្រេច ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរីផងដែរ៕






