ស្រមោល នៃមហាសោកនាដកម្មភ្នំខ្មោច ឬភ្នំខ្មោចវាលពិឃាតទី២(Ghost Mountain – The Second Killing Fields of Cambodia by Thailand)បាននិងកំពុងតែតាមលងបន្លាចពពួកមេដឹកនាំសៀម ទាំងអតីតកាល និងបច្ចុប្បន្ន

លោកបណ្ឌិត ឥន សុផល សាស្រ្តាចារ្យ និងជាអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ បានបង្ហោះជាសំណេរនៅលើទំព័រហ្វេសប៊ុករបស់លោកនាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ផ្ញើទៅកាសែត Khaosod របស់ថៃដែលបានផ្សាយបំភ្លៃថា “រឿងសោកនាដកម្មភ្នំខ្មោច” គឺជារឿងប្រឌិត។
លោកបណ្ឌិត ឥន សុផល បានលើកឡើងថា “រឿងទាហានថៃប្រល័យពូជសាសន៍ជនភៀសខ្លួនខ្មែរនៅភ្នំខ្មោចកន្លងផុតទៅមិនយូរទេ ទើបឆ្នាំ១៩៧៩ប៉ុណ្ណោះ ឯកសារអន្តរជាតិមាននៅពេញដៃរបស់ខ្ញុំ ដែលកំពុងសរសេរសៀវភៅអំពីរឿងនេះច្បាស់ជាងភាពយន្តខ្លីនេះទៅទៀត។ ជនភៀសខ្លួនខ្មែរដែលត្រូវបញ្ជូនត្រឡប់មកវិញនៅក្នុងចន្លោះពីថ្ងៃទី៨-១៣ ខែមិថុនា ឆ្នាំ១៩៧៩ មានចន្លោះពី៤០,០០០នាក់ទៅ ៥០,០០០នាក់។” លោកបន្តថា សូមអានលិខិតរបស់កាកបាតក្រហមអន្តរជាតិ (ICRC) ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៧៩ ផ្ញើទៅទីក្រុងហ្សឺណែវ ស្តីពីទាហានថៃ បញ្ជូនជនភៀសខ្លួនខ្មែរដោយបង្ខំឱ្យដើរកាត់ចម្ការមីន និងបាញ់សម្លាប់អស់ជាង៤០,០០០នាក់។
សាស្រ្តាចារ្យ និងជាអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយខាងលើ បានលើកឡើងបន្ថែមទៀតថា បើយោងតាមអ្នកកាសែតជនជាតិអង់គ្លេសលោក William Shawcross បានបញ្ជាក់ថា មានជនភៀសខ្លួនខ្មែរប្រហែល៥០,០០០នាក់ ត្រូវបានចាប់បង្ខំបណ្តេញពួកគេចេញ ដោយភ្ជង់កាំភ្លើង និងបាញ់ទម្លាក់ពីលើច្រាំងថ្មចោត ពួកគេត្រូវដើរកាត់ចម្ការមីនត្រឡប់ទៅប្រទេសកម្ពុជាវិញ ដោយពុំមានអាហារនិងទឹកនៅទីនោះទេ។ មនុស្សជាច្រើន ព្យាយាមធ្វើដំណើរឆ្ពោះទៅមុខបានជាន់មីនផ្ទុះរាប់រយគ្រាប់ស្លាប់ពាសពេញព្រៃ ហើយក៏មានមនុស្សជាច្រើនបានព្យាយាមដើរត្រឡប់ក្រោយ ប៉ុន្តែត្រូវបានទាហានថៃបាញ់សម្លាប់រាប់ពាន់នាក់។
លោកបណ្ឌិត ឥន សុផល បន្ថែមថា បើយោងតាមឯកអគ្គរដ្ឋទូតអាមេរិកលោក Morton Abramowitz បានផ្សព្វផ្សាយលិខិតរបស់ជនរងគ្រោះកំពុងជាប់នៅជើងភ្នំ បានបញ្ជាក់អំពីអ្នកដែលនៅរស់មានចំនួនប្រហែល១,០០០នាក់ មានអ្នកខ្លះធ្លាក់ខ្លួនឈឺធ្ងន់ គ្មានអាហារ គ្មានទឹករយៈពេលជាង១០ថ្ងៃ ហើយបើយោងតាមកំណត់ត្រារបស់លោកស្រី Yvette Pierpaoli បុគ្គលិក (UNHCR) ដែលបានជួយសង្គ្រោះជនភៀសខ្លួនផ្ទាល់ ដែលលោកស្រីបានបញ្ជាក់ថា អ្នកដែលនៅរស់មានចំនួន៩២២នាក់ប៉ុណ្ណោះ។ បើយោងតាមការបញ្ជាក់របស់កងទ័ពវៀតណាម ដែលបានចូលទៅជួយសង្គ្រោះជនភៀសខ្លួនកំពុងជាប់នៅក្នុងចម្ការមីន បានបញ្ជាក់ថា ពួកគេជួយបានប្រជាជនចំនួនប្រហែល២,០០០នាក់ទៅ៣,០០០នាក់ចេញពីចម្ការមីន។ ដូច្នេះជនភៀសខ្លួនដែលទាហានថៃបញ្ជូនទៅជិត៥០,០០០នាក់នោះ នៅរស់រានមានជីវិតយ៉ាងច្រើនជាង៤,០០០នាក់ប៉ុណ្ណោះ។ ប៉ុន្តែទាហានថៃ បានបញ្ជូនជនភៀសខ្លួនមកសម្លាប់នៅកន្លែងនេះច្រើនលើកច្រើនសារតាំងពីខែមេសា ឆ្នាំ១៩៧៩ បើសរុបខ្មែរស្លាប់នៅទីនោះជិត១០ម៉ឺននាក់។
លោកបណ្ឌិតបានបង្កើតជាសំណួរថា តើហេតុអ្វីបានជាទាហានថៃដឹកពលរដ្ឋខ្មែរមកសម្លាប់ទម្លាក់ពីលើកំពូលភ្នំនៅជិតប្រាសាទព្រះវិហារ? លោកយល់ថា នេះគឺជាគំនុំសងសឹក ដែលជនជាតិថៃឈឺចាប់បំផុតនៅពេលចាញ់ក្តីប្រាសាទព្រះវិហារនៅឆ្នាំ១៩៦២។ ក្រោយពេលសម្លាប់ជនភៀសខ្លួនខ្មែរជាង៥ម៉ឺននាក់នៅទីនេះ ទាហានថៃបាននិយាយថា នេះគឺជាការសងគំនុំឈាមរបស់ជនជាតិថៃដែលឈឺចាប់កន្លងមក។
គួរជម្រាបថា សារព័ត៌មាន Khaosod របស់ថៃបានចុះផ្សាយថា រដ្ឋាភិបាលនៃប្រទេសថៃបានបង្ហាញពីក្តីបារម្ភចំពោះខ្សែភាពយន្តខ្មែរមានចំណងជើង “សោកនាដកម្មភ្នំខ្មោច” ដែលខ្សែភាពយន្តនេះនឹងបកអាក្រាតប្រទេសថៃពីអំពើប្រល័យពូជសាសន៍របស់ថៃលើពលរដ្ឋកម្ពុជា ដែលបានកើតឡើងនៅភ្នំខ្មោចជួរភ្នំដងរែកក្នុងឆ្នាំ ១៩៧៨-១៩៨០ ដែលថៃយល់ថា ផលិតឡើងដើម្បីបង្ខូចប្រវត្តិសាស្ត្រ ឬញុះញង់ឱ្យមានការស្អប់ខ្ពើមប្រទេសថៃ។ ជាមួយនេះ សារព័ត៌មានថៃខាងលើក៏បានចុះផ្សាយបន្ថែមថា ខ្សែភាពយន្ត និងស្នាដៃច្នៃប្រឌិតផ្សេងទៀតមិនគួរត្រូវបានប្រើជាឧបករណ៍ ដើម្បីបំភ្លៃការពិតប្រវត្តិសាស្ត្រ ឬញុះញង់អរិភាពនោះទេ។ ការពណ៌នាអំពីជម្លោះគួរតែផ្អែកលើការពិតដែលអាចផ្ទៀងផ្ទាត់បាន ហើយគួរតែគិតគូរ ពីផលប៉ះពាល់ដែលអាចកើតមានលើទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។
ពាក់ព័ន្ធនឹងការចុះផ្សាយរបស់សារព័ត៌មានថៃខាងលើនេះ លោក លៀក លីដា ចាងហ្វាងផលិតកម្មអិលឌី បានបង្ហោះសារជាសំណេរនៅលើទំព័រហ្វេសប៊ុករបស់លោកដែរថា “កុំបារម្ភ រឿងខ្ញុំនិយាយតែការពិត។ ខ្ញុំមានសីលធម៌ជាអ្នកដឹកនាំរឿង។ សូមបងប្អូនខ្មែរយើង keep cool នឹងធ្វើអ្វីដែលយើងគួរធ្វើដើម្បីជាតិយើងនិងសេចក្តីថ្លៃថ្នូរបស់យើង”។ ដោយ៖ ថា ចាន់ធី

You might also like