រដ្ឋបាលក្រុងសំរោង បដិសេធទាំងស្រុងចំពោះការបង្ហោះវីដេអូ ផ្សព្វផ្សាយព័ត៌មានមិនពិត បង្កឱ្យមានការភ័ន្តច្រឡំក្នុងភូមិសាស្ត្រក្រុងសំរោង
ឧត្ដរមានជ័យ៖ រដ្ឋបាលក្រុងសំរោង មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ មានគណនីហ្វេសប៊ុកឈ្មោះ «បងអឿន-ស្រីណែត» បានបង្ហោះវីដេអូដែលមានរយៈពេល ២៣វិនាទី ដោយដាក់ចំណងជើងថា «គេចេញច្រើនណាស់» និងបាននិយាយក្នុងវីដេអូថា៖
”បងប្អូនថ្ងៃនេះទី២២ ឃើញថា មានគេផ្អើលទៀតហើយបងប្អូន ខ្ញុំបានជិះម៉ូតូចូលទៅសំរោងបងប្អូន ទៅទីរួមខេត្តឧត្តរមានជ័យ ស្រាប់តែឃើញតែគោយន្តគេចេញទៀតហើយបងប្អូន អត់មានអ្នកចូលមកទេបងប្អូន មិនដឹងថា មានសភាពការណ៍អីទៀតហើយបងប្អូន មានរឿងអីទៀតហើយ បានគេផ្អើលចំណាប់ណាស់ សភាពការណ៍វាអត់ស្រួល បានមានអ្នកចេញច្រើនចំណាប់ណាស់ ឃើញតែគោយន្ត មានអ្នកខ្លះអូសរ៉ឺម៉ក់ អូសអីចេញឡើងពព្រាត”
រដ្ឋបាលក្រុងសំរោង សូមធ្វើការបដិសេធ និងបញ្ជាក់ជូនដូចខាងក្រោម៖
១. ស្ថានភាពជាក់ស្តែង៖ ក្នុងភូមិសាស្ត្រក្រុងសំរោង និងទីរួមខេត្តឧត្តរមានជ័យ បច្ចុប្បន្នភាពគឺប្រជាពលរដ្ឋកំពុងរស់នៅ និងប្រកបរបររកស៊ីជាធម្មតា គ្មានការផ្អើលឆោឡោ ឬការជម្លៀសខ្លួនដូចការលើកឡើងក្នុងវីដេអូខាងលើនោះទេ។
២. គោលបំណងនៃវីដេអូ៖ តាមការស្រាវជ្រាវ ម្ចាស់គណនីខាងលើ គឺជាអ្នកផលិតវីដេអូដើម្បីទាក់ទាញចំណាប់អារម្មណ៍ (Content Creator) ក្នុងគោលបំណងស្វែងរកប្រាក់ចំណូលតាមហ្វេសប៊ុក ដោយបាននិយាយបំផ្លើសខុសពីការពិត ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ។
រដ្ឋបាលក្រុងសូមក្រើនរំលឹកដល់បងប្អូនដែលផលិតមាតិកាដើម្បីស្វែងរកចំណូលតាមបណ្ដាញសង្គមទាំងអស់ «សូមកុំបង្កើត ឬចែកចាយមាតិកាទាំងឡាយណា ដែលគ្មានការពិត បំផ្លើសសភាពការណ៍ ដើម្បីតែទាក់ទាញការចូលមើល (Views) ប៉ុន្តែបែរជាបង្កផលប៉ះពាល់ដល់ស្ថិរភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បង្កការភ័យខ្លាច ឬការនិយាយ បង្ហាញទីតាំង សកម្មភាពយោធាដែលនាំប៉ះពាល់ដល់សន្តិសុខជាតិ»។
រដ្ឋបាលក្រុងសំរោង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាកុំជឿ និងកុំចែករំលែកនូវវីដេអូដែលគ្មានមូលដ្ឋានច្បាស់លាស់នេះ។ ទន្ទឹមនឹងនេះ អាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងមានវិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីដែលផ្សព្វផ្សាយព័ត៌មានមិនពិត បង្កចលាចលក្នុងសង្គម៕



