មានការបកស្រាយវែកញែកនៅលើបណ្តាញសង្គមមួយចំនួនលើកឡើងថា សមត្ថកិច្ចក្រុងតាខ្មៅអនុវត្តច្បាប់មានការលំអៀង កាន់ជើងអ្នកមានលុយ ទាក់ទងទៅនិងករណីហិង្សាមួយនៅក្នុងវិទ្យាល័យហ៊ុនសែនសេរីភាពកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានមានប្រសាសន៍ថា៖ ការឃាត់ខ្លួនជនសង្ស័យគឺសំអាងទៅវីដេអូភស្តុតាង ម៉្យាងវិញទៀតការអនុវត្តច្បាប់គឺមិនគិតមនុស្សប្រុសឬមនុស្សស្រី អ្នកមានឬអ្នកក្រនោះទេ បើប្រព្រឹត្តខុសច្បាប់គឺទទួលទោសដូចគ្នា ។
សូមបញ្ជាក់ផងដែរថានៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ មានករណីហិង្សាមួយនៅចំណុចក្នុងសាលាវិទ្យាល័យសេរីភាព ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះរួច សមត្ថកិច្ចបានបើកការស្រាវជ្រាវរហូតឃាត់បានជនសង្ស័យ១នាក់ ឈ្មោះ ឌីវ ចន្ថា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ជាងដែក ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថារូបខ្លួនពិជាបានធ្វើសកម្មភាពប្រើអំពើហិង្សាដោយចេតនាទៅលើជនរងគ្រោះដោយសារខឹងជនរងគ្រោះវាយគ្នាជាមួយប្អូនស្រីបង្កើតរបស់ខ្លួន ។
ជនសង្ស័យត្រូវឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបន្តនីតិវិធី ។



