អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូ និងអ្នកលក់ចែកចាយបារីអេឡិចត្រូនិច ២ទីតាំង ឃាត់ខ្លួនមនុស្សសរុប ០៩នាក់

(ភ្នំពេញ)៖ កាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំអន្តរាគមន៍ចំពោះករណីក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ និងប្រើប្រាស់បារីអេឡិចត្រូនិចយ៉ាងអនាធិបតេយ្យ។

បន្ទាប់ពីទទួលបានបណ្ដឹងខាងលើ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ចាប់ពីម៉ោង ០៨:០០នាទី ដល់ម៉ោង ១៤:១០នាទី កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានឆ្មក់បង្ក្រាបក្រុមក្មេងទំនើងចំនួន ០៦នាក់ ដែលតែងធ្វើសកម្មភាពបង្ហោះម៉ូតូនៅចំណុចបុរី លឹម ឈាងហាក់ ផ្លូវបេតុងលេខ០៦ ផ្ទះលេខ៥៤ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រុមនេះត្រូវបានយកមកធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើង ដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ ក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំង បង្ក ការភ័យខ្លាចដល់អ្នកជុំវិញ និង បង្ក ភាពអនាធិបតេយ្យក្នុងសង្គម។ សមត្ថកិច្ចបានដកហូតបារីអេឡិចត្រូនិច (Vape) ចំនួន ០១ដើម និងម៉ូតូ ០៦គ្រឿង យកទៅរក្សាទុករយៈពេល ០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

នៅថ្ងៃដដែល បន្ទាប់ពីធ្វើការស្រាវជ្រាវរួចមក កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថខណ្ឌដង្កោ បានបន្តចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់ (Vape) ចំនួន ២កន្លែងទៀត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ គឺនៅចំណុចផ្លូវបេតុងកែងផ្សារថ្នល់បត់ (ភូមិថ្មី) និងចំណុចផ្លូវបេតុងផ្ទះលេខ៧២៣ (ភូមិសំបួរ)។

វត្ថុតាងដែលចាប់យកបានរួមមាន៖ ម៉ាស៊ីន ជក់ចម្រុះម៉ាកចំនួន ២០៩គ្រឿង, ក្បាលជក់ចម្រុះម៉ាកចំនួន ១០៥ក្បាល, ទឹក Vape ចំនួន ២ដប, YOOZ ចំនួន ០២ប្រអប់ និងខ្សែពាក់កមួយចំនួនទៀត។ ម្ចាស់ទីតាំងទាំង ០២កន្លែង ត្រូវបានឃាត់ខ្លួននាំយកមកអង្គភាពដើម្បីចាត់ការតាមនីតិវិធីច្បាប់។ រីឯអ្នកប្រើប្រាស់បារីអេឡិចត្រូនិច ០១នាក់ទៀត ត្រូវបានអប់រំណែនាំ និងធ្វើកិច្ចសន្យា រួច ឱ្យ ឪពុកម្តាយមកធានាត្រឡប់ទៅផ្ទះវិញ។

គួរបញ្ជាក់ថា ចំពោះករណីដូចគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ តែងតែធ្វើការទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់ជាច្រើនករណីមកហើយ៕

 

You might also like