សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរផ្លូវថ្មើរជើងចតុមុខ ជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយរបស់រាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការរយៈពេល១ឆ្នាំហើយ
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរ «ផ្លូវថ្មើរជើងចតុមុខ» ជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយរបស់រាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការរយៈពេល១ឆ្នាំហើយ។
សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើងមួយខ្សែ នៅតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ៩៤ រហូតដល់ផ្លូវលេខ២៤០ ស្ថិតក្នុងខណ្ឌដូនពេញ ចាប់ពីម៉ោង៦ល្ងាច រហូតដល់ម៉ោង១១យប់ រៀងរាល់ចុងសប្តាហ៍ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ដោយមិនអនុញ្ញាតឱ្យមានយានជំនិះគ្រប់ប្រភេទចរាចរឡើយ។
ផ្លូវ១ខ្សែនេះ ក្លាយជាចំណុចគោលដៅទេសចរណ៍ដ៏ទាក់ទាញនិងមានប្រជាប្រិយភាព នាពេលចុងសប្តាហ៍របស់ប្រជាជនទូទៅ និងភ្ញៀវទេសចរបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជាក់ស្តែង រហូតមកដល់ពេលនេះ ភ្ញៀវទេសចរណ៍ប្រមាណពី ៨ម៉ឺន ទៅ១០ម៉ឺននាក់ ជារៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ បានមកលេងកម្សាន្ត និងបានបង្កើតមុខរបរជូនប្រជាពលរដ្ឋប្រមាណជិត ១.៤០០កន្លែង ក្នុងនោះអ្នកលក់ដូរទូទៅប្រមាណ១.០០០នាក់ និងអ្នកលក់ដូរក្នុងស្តង់ ប្រមាណ៤០០ស្តង់ ផ្សេងទៀត។
រាជធានីភ្នំពេញជាប់ ចំណាត់ថ្នាក់លេខ២ នៅលើពិភពលោក ជាទីក្រុងសប្បាយភាពពេលរាត្រី និងជាប់ចំណាត់ថ្នាក់លេខ១០ លើពិភពលោក ជាទីក្រុងមានភ្ញៀវទេសចរណ៍ចូលចិត្តមកកម្សាន្តជាងគេព្រមទាំងទទួលបានការចាត់ថ្នាក់ពីសារព័ត៌មានអន្តរជាតិ BBC ជាគោលដៅទេសចរណ៍ដ៏ល្អបំផុតទាំង២០ សម្រាប់ឆ្នាំ២០២៦នេះផងដែរ។
ភាពជោគជ័យនៃការដាក់ឱ្យដំណើរការផ្លូវថ្មើរជើងចតុមុខ ក្នុងរយៈពេល១ឆ្នាំនេះ អាចកើតឡើងទៅ បាន គឺដោយមានការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ ព្រមទាំងការចូលរួមគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទៅ៕



