អណ្តូងទឹកស្អាតចំនួន១៣ អំណោយរបស់ឪពុកម្តាយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគល់ជូនអ្នកស្រុកត្រាំកក់ ខេត្តតាកែវ
នៅថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២៦នេះ លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត ប្រធាន មូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក រួមទាំងក្រុមការងារអញ្ជើញប្រគល់អណ្តូងទឹកស្អាតចំនួន១៣ ជូនប្រជាពលរដ្ឋអាស្រ័យផលនៅក្នុងភូមិចំនួន៩ នៃឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។
មានប្រសាសន៍សំណេះសំណាលមួយប្រជាពលរដ្ឋ ក្នុងពិធីប្រគល់អណ្តូងទឹកស្អាតទាំងអស់ លោកជំទាវប្រធានមូលនិធិបាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សំណាក់សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមថា សម្តេចលោកតែង តែគិតគូរជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទី បើទោះបីលោក មិនបានអញ្ជើញមកផ្ទាល់ក៏ដោយ។ លោកជំទាវប្រធានមូលនិធិឱ្យដឹងទៀតថា អំណោយអណ្តូងទឹកទាំងនេះ គឺជា អំណោយសប្បុរសធម៌ដ៏ថ្លៃថ្លា របស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧបាសក លីន គ្រី ដែលលោកតា លោកយាយសន្សំទុកធ្វើជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ទោះជាលោកចែកឋានទៅហើយក្តី ដើម្បីអោយកូនចៅបន្តជួយដល់ប្រជាជនខ្មែរ ដែលកំពុងរស់នៅជួបការខ្វះខាតទឹកប្រើប្រាស់ នៅតាមទីជនបទ ក្នុងប្រទេសកម្ពុជា។
លោកជំទាវឱ្យដឹងថា មូលនិធិអណ្តូងទឹកស្អាតបានបង្កើតឡើង១៥ឆ្នាំមកហើយ ដោយដំបូងឡើយក្រោមការដឹកនាំរបស់លោកជំទាវ ហ៊ុន ម៉ាណា បុត្រីទី២សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ទាប់មកលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែបច្ចុប្បន្នលោកជំទាវបណ្ឌិត មានភារកិច្ចច្រើនដែលត្រូវបំពេញ ទើបផ្ទេរការងារនេះមកលោកជំទាវ ជាអ្នកដឹកនាំបន្ត។ ដូច្នេះលោកជំទាវរួមទាំងស្វាមី តំណាងអោយក្រុមគ្រួសារទាំងមូលបានរួមកំលាំងគ្នាបន្ត ប្រគល់ក៏ដូចជាចុះពិនិត្យអណ្តូងទឹកទាំងនេះជូន លោកតាលោកយាយបងប្អូនប្រើប្រាស់ជាផ្លូវការ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវប្រធាន សូមផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាសុខសន្តិភាពទាំងអស់គ្នា ទោះបីប្រទេសជិតខាងបំពានលើទឹកដីយើយក៏ដោយ។ លើសពីនោះទៀតសូមលោកយាយ លោកតា បងប្អូន ថែរក្សាសុខភាពឱ្យបានល្អ កុំហូបប្រៃពេក ប្រៃពេក ផ្អែមពេក ចៀសវាងនូវជំងឺមិនឆ្លង ត្រូវពិពិសាទឹកដាំឆ្អិនជានិច្ច ទោះបីមានទឹកអណ្អូងស្អាតក៏ដោយ ចៀសវាងឆ្លងនូវជំងឺដង្កាត់ផ្សេងៗ។
ក្រុមប្រជាពលរដ្ឋដែលទទួលផលពីអណ្តូងទឹកទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់អំណោយខាងលើ ជាពិសេសក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកតែងតែគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទិសទី ជាពិសេសអណ្តូងទឹកទាំងនេះ បានរួមចំណែកកាត់បន្ថយការចំណាយរបស់ពួកគាត់បានមួយផ្នែក ខណៈពីមុនត្រូវទៅរកទឹកនៅកន្លែងឆ្ងាយៗរឺទិញទឹកគេ យកមកប្រើប្រាស់ប្រចាំថ្ងៃ។
សូមបញ្ជាក់ថានៅថាក្នុងឱកាសនោះដែរ លោកជំទាវប្រធានមូលនិធិ និងក្រុមការងារបាននាំយកអំណោយទ្រនប់ដៃរបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនលោកយាយ លោកតា បងប្អូន អ៊ំពូមីង ដែលបានចូលរួមក្នុងពិធី រួមមានថ្នាំពេទ្យ ក្រណាត់ស ក្រមា សារ៉ុង សាប៊ូដុះខ្លួន១ដុំ និងថវិកាមួយចំនួន។ ដោយឡែក កុមារា កុមារី តូចៗទទួលបាន នំបុ័ង កាបូបស្ពាយ ទៅសាលាម្នាក់មួយៗផងដែរ៕



