សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អំណោយផ្ទះថ្មី ជូនអតីតយុទ្ធជនពិការ នៅស្រុកតាំងគោក ខេត្តកំពង់ធំ
កំពង់ធំ៖ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរ ដោយ លោក សៀ ឡុង ធារ៉ា អភិបាល រង ស្រុក តាំង គោក បានដឹកនាំសហការី ទៅប្រគល់ផ្ទះថ្មីមួយខ្នង ដែលជាខ្នងទី២២ ក្នុងស្រុកតាំងគោក អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអតីតយុទ្ធជនពិការ ដែល មានដី តែមានជម្រកស្នាក់នៅមិនសមរម្យ នៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។
លោក យោគ យូង មានអាយុ ៦០ឆ្នាំ បានរៀបរាប់ថា លោកបានចូលបម្រើការក្នុងជួរកងទ័ពនៅឆ្នាំ១៩៩៣ នៅអង្គភាពកងវរសេនាធំលេខ៤ ចំណុះយោធាខេត្តកំពង់ឆ្នាំង មានឋានន្តរសក្ដិនាយចំណង់ ហើយត្រូវបានធ្លាក់ខ្លួនពិការក្នុងសមរភូមិ ដោយសារសង្គ្រាមនៅដេីមឆ្នាំ១៩៩៨។ បច្ចុប្បន្នលោកមានជីវភាពលំបាកខ្វះខាតហើយ មានជម្រកស្នាក់នៅមិនសមរម្យដោយ មានសមាជិកគ្រួសារចំនួន ៥នាក់នៅក្នុង បន្ទុក។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនិង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរ។ហើយកន្លងទៅនេះ នៅស្រុកតាំងគោក ខេត្តកំពង់ធំ បានសាងសង់ផ្ទះចំនួន ២២ ខ្នង ជូនក្រុមគ្រួសារអតីតយុទ្ធជនរួចមកហើយ និងកំពុងដំណើរការសាងសង់បន្តមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តម សេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវស្បៀង អាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ ចាន ឆ្នាំង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់លោក យោគ យូង សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនៅពេលនេះ។
លោកនាយចំណង់យោគ យូង បាន គោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទី បំផុតចំពោះសម្តេចតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ដែល បានសាងសង់ផ្ទះថ្មីសម្រាប់ផ្ដល់ជូនក្រុមគ្រួសារគាត់នៅពេលនេះ និងសូមគោរព ជូនពរសម្តេច និងលោកជំទាវ ព្រមទាំងក្រុមការងារទាំងអស់សូមទទួលបាននូវពុទ្ធ ពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕



