វត្តប្រាសាទគោកចក ក្រុងសៀមរាប ប្រមូលផលបន្លែផ្ដល់ជូនពលរដ្ឋភៀសសឹក

ដោយអនុវត្តតាមការផ្ដួចផ្ដើមបំផុសចលនាដាំដុះនៅតាមវត្ត តាមផ្ទះ តាមសាលារៀន និងតាមសហគមន៍ ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត វត្តប្រាសាទ គោកចក ស្ថិតនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានធ្វើការដាំបន្លែសុវត្ថិភាព បន្លែសរីរាង្គ ដែលមកដល់ពេលនេះ បានទទួលបានផលជាបន្តបន្ទាប់ និងចែកជូនប្រជាពលរដ្ឋភៀសសឹកប្រមាណ៦៥គ្រួសារ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក បានមានថេរដីកាថា នៅក្នុងពុទ្ធសាសនាគោលការណ៍គ្រឹះគឺ “មេត្តា” (ការប្រាថ្នាឱ្យអ្នកដទៃមានសេចក្តីសុខ) និង”ករុណា” (ការជួយសង្គ្រោះអ្នកដទៃឱ្យរួចផុតពីទុក្ខ) នេះគឺជាការផ្សារភ្ជាប់ធម៌វិន័យទៅនឹងការដោះស្រាយបញ្ហាសង្គម ហើយព្រះសង្ឃដើរតួជាអ្នកដឹកនាំស្មារតីផង និងជាអ្នកសម្របសម្រួលជីវភាពផងដើម្បីបង្ហាញពីភាពម្ចាស់ការលើការផ្គត់ផ្គង់ស្បៀងដោយធានាថាជនភៀសសឹកដែលបាត់បង់ផ្ទះសម្បែង នឹងមិនត្រូវដាច់ពោះស្លាប់នោះឡើយ។ជាក់ស្ដែង វត្ដប្រាសាទគោកចក និងប្រជាពលរដ្ឋភៀសសឹក ព្រមទាំងអាជ្ញាធរមូលដ្ឋាន មន្ដ្រីពាក់ព័ន្ធ បានប្រមូលផលបន្លែជាបណ្ដើរៗហើយ និងផ្ដល់ជូនដល់ប្រជាពលរដ្ឋបន្តភៀសសឹក ដែលកំពុងស្នាក់នៅតាមផ្ទះចំនួន៦៥គ្រួសារ។ ទាំងនេះ ក៏ជាបង្ហាញពីការយកចិត្តទុកដាក់របស់ព្រះសង្ឃចំពោះប្រជាពលរដ្ឋភៀសសឹក។ ការលូតលាស់ដំណាំបន្លែដែលបងប្អូនភៀសសឹក និងក្រុមការងារដែលបានដាំកន្លងមកនៅក្នុងទីធ្លាវត្តប្រាសាទគោកចក គឺបានធ្វើកាត់មកផ្គត់ផ្គង់ និងធ្វើម្ហូបអាហារជូន ដល់បងប្អូនជនភៀសសឹកនៅក្នុងវត្តជាបន្តបន្ទាប់មកហើយដែរ។ព្រះអង្គបានបន្តថា ការចែកទាននេះគឺជាការបង្រៀនតាមរយៈសកម្មភាពផ្ទាល់ ដែលបង្ហាញឱ្យឃើញថា ការលះបង់នូវអ្វីដែលខ្លួនមានដើម្បីអ្នកដទៃ គឺជាការកសាងសន្តិភាព និងកុសលធម៌ដ៏ឧត្តុង្គឧត្តមដែលនាំឱ្យសង្គមមានសុខដុមរមនាហើយសកម្មភាពនេះគឺជា “ការចែករំលែកដោយគ្មានការរើសអើង” មិនថាជនភៀសសឹកមានជំនឿសាសនាអ្វីឡើយ ព្រះសង្ឃតែងតែផ្ដល់នូវក្ដីស្រឡាញ់ និងការគាំទ្រក្នុងនាមជាមនុស្សជាតិដូចគ្នា។
ព្រះគ្រូចៅអធិការវត្តបានមានថេរដីកាបន្ថែមថា ការដាំបន្លែនេះ នឹងបន្ដដាំបន្ថែមទៀត សម្រាប់ជនភៀសសឹកដែលបានបន្ដស្នាក់នៅមណ្ឌលក្នុងសង្កាត់គោកចក ខណៈដែលពួកគាត់ ស្ថិតនៅតំបន់ក្រហម ហើយពួកគាត់តែងមានការយកចិត្ដទុកដាក់ ពីអាជ្ញាធរមូលដ្ឋានក៍ដូចជាព្រះសង្ឃ បាននាំយកនូវស្បៀងអាហារ ធ្វើការចែកជូនព្រមទាំងមានពាក្យពេចន៍លើកទឹកចិត្តដើម្បី ជួយឱ្យពួកគាត់មានអារម្មណ៍សុវត្ថិភាពផ្លូវចិត្ត និងភាពកក់ក្ដៅព្រមទាំងមានកម្លាំងចិត្តក្នុងការតស៊ូជាមួយស្ថានភាពលំបាកផងដែរ ៕

You might also like