ចំនួនអ្នកស្លាប់ ដោយសារលិចសាឡាងនៅហ្វីលីពីនកើនដល់ ៤០នាក់ ខណៈការស្វែងរកនៅបន្ត
(ម៉ានីល)៖ ឆ្មាំសមុទ្រហ្វីលីពីន (PCG) បានប្រកាសនៅថ្ងៃអាទិត្យនេះថា ចំនួនអ្នកស្លាប់ដោយសារហេតុការណ៍លិចសាឡាងនៅខេត្តបាស៊ីឡាន (Basilan) ភាគខាងត្បូងប្រទេស បានកើនឡើងដល់ ៤០នាក់ហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Xinhua។
ក្រុមជួយសង្គ្រោះបានរកឃើញសាកសពចំនួន ៣នាក់បន្ថែមទៀត និងបានរាប់បញ្ចូលទារកអាយុ ៦ខែម្នាក់ដែលពីមុនបានបាត់ឈ្មោះពីបញ្ជីផ្លូវការ ចូលទៅក្នុងតួលេខអ្នកស្លាប់សរុប។ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្តធ្វើឡើងជិតមួយសប្តាហ៍ហើយ បន្ទាប់ពីសាឡាងបានលិចនៅក្បែរកោះ Baluk-Baluk ខណៈកំពុងធ្វើដំណើរពីទីក្រុង Zamboanga ទៅកាន់ក្រុង Jolo ខេត្តស៊ូលូ (Sulu)។
គួរបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ៣១៦នាក់ត្រូវបានជួយសង្គ្រោះ ប៉ុន្តែអាជ្ញាធរនៅតែព្យាយាមកំណត់ចំនួនអ្នកដំណើរពិតប្រាកដនៅលើទូក។ ទន្ទឹមនឹងនេះ អាជ្ញាធរឧស្សាហកម្មដែនសមុទ្របានឱ្យដឹងថា នឹងបើកការស៊ើបអង្កេតលើការអះអាងរបស់អ្នករស់រានមានជីវិតអំពីការខ្វះខាតអាវពោងសុវត្ថិភាព និងភាពមិនស៊ីគ្នានៃបញ្ជីឈ្មោះអ្នកដំណើរ៕



